ភ្នំពេញ ៖ ក្រុមអ្នកផឹកស៊ីមួយក្រុម បានផឹកស៊ីជុំគ្នា លុះស្រវឹងស្រឿងៗរំលឹករឿងចាស់ទាស់សម្តីគ្នា ក៏ដកកាំភ្លើងភ្ជង់គំរាមបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅផ្ទះមួយកន្លែងតាមផ្លូវរថភ្លើង ក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កនិងជនរងគ្រោះ មានគ្នា៥នាក់សុទ្ធសឹងតែជាបងប្អូនមានមុខរបររត់រ៉ឺម៉កម៉ូតូនិងរត់ម៉ូតូឌុប រស់នៅផ្ទះជិតខាងគ្នាបានជួបគ្នាផឹកស៊ីនៅផ្ទះ ។ ខណៈពេលផឹកស៊ីស្រវឹងស្រឿងៗបន្តិចបាននាំគ្នារំលឹករឿងចាស់ធ្វើឲ្យបុរសម្នាក់ ចាន់ ណុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្តាល ដែលកំពុងតែស្រវឹងស្រាបានដើរទៅស្រែករកឈ្នោះអូនដែលនៅផ្ទះជិតនោះពីរឿងលេងបាល់កាប់ខ្មងជាងកន្លះខែមុន។ ប៉ុន្តែពេលទៅដល់ផ្ទះឈ្មោះអូនមិននៅផ្ទះ តែបែរជាឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ ដែលបងប្អូនរបស់ឈ្មោះអូន ដើរចេញពីក្នុងផ្ទះមកបបួលជនរងគ្រោះវ៉ៃមួយស្មើ ហើយក៏ដាល់ជនរងគ្រោះមួយដៃចំពីមុខបែកមាត់តែម្ដង។ ភ្លាមៗនោះប្អូនថ្លៃ ជនរងគ្រោះឈ្មោះ ជាង ពុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ដែលអង្គុយផឹកជាមួយគ្នា បានចូលទៅឃាត់កុំឲ្យវាយគ្នា។ ស្រាប់តែបងថ្លៃរបស់ជនបង្កម្នាក់ទៀតមានឈ្មោះ ចាន់ ណាវី ភេទប្រុស អាយុ២៧ឆ្នាំ បានដើរចេញពីក្នុងផ្ទះ ហើយស្រែកថា “ថាចង់វាយគ្នាទៀត” ឮសម្ដីនេះឈ្មោះ ម៉ាប់ក៏រត់ទៅយកកាំភ្លើងខ្លីម៉ាក K54 មកភ្ជង់គំរាមជនរងគ្រោះ២នាក់បងប្អូនថ្លៃឲ្យភ័យរត់ស្រែករត់ស្រែកគេជួយ ។
បន្ទាប់មកជនរងគ្រោះបានហៅក្រុមសមាគមអ្នករត់ម៉ូតូរ៉ឺម៉កមកជួយអន្តរាគមន៍ តែជនបង្កបានរត់គេចខ្លួនអស់ ទើបជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកក់ទី២ រួចត្រឡប់មកវិញ ក៏បានរកឃើញមានថ្នាំញៀន១កញ្ចប់តូច នៅក្នុងកាបូបដាក់កាំភ្លើងរបស់ជនបង្ក ៕
ផឹកស៊ីស្រវឹងរំលឹករឿងចាស់ទាស់សម្តីគ្នា ដកកាំភ្លើងខ្លីភ្ជង់ផ្អើលទាំងយប់
...