ខេត្តកណ្តាល៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅលើផ្លូវជាតិលេខ១ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំបើកបុកម៉ូតូជនរងគ្រោះពីក្រោយហើយកិនបែកខួរស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ស គ្មានស្លាកលេខ បានបើកទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1N-7531 បើកបរដោយឈ្មោះសៅ ឌីរតនៈ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលចរាចរណ៍ស្រុកបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងទិសដៅពីអ្នកលឿងទៅភ្នំពេញ ស្របទិសគ្នាជាមួយរថយន្ត មកដល់ចំណុចកើតហេតុស្រាប់តែអ្នកជិះម៉ូតូបានបើកប្រជែងម៉ូតូ១គ្រឿងទៀតនៅពីមុខ ស្រាប់រថយន្តបង្កបើកមកពីក្រោយមិនបន្ថយល្បឿននោះបានបុកម៉ូតូជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះបោកក្បាលស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ក្រោយបង្កគ្រោះថ្នាក់ចរាចររថយន្តបង្កបានបើកគេចចេញពីកន្លែងកើតហេតុចម្ងាយជិត១០០០ម៉ែត្រទើបឈប់ ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។
បច្ចប្បន្នរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកសាកសពជនរងគ្រោះត្រូវក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕
ដោយ៖ សណ្តោស