ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំង មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេះរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ទឹកពន្លតត់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ជិត៤ទាបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅមុនពេលកើត ហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះឃ្លាំង មួយកន្លែង ដែលស្ថិតនៅជិតសាលាសង្កាត់គោកឃ្លាង។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។

លោកវរសេនីយ៍ឯកបន្តថា គ្រោះអគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់យើង នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញរបស់យើងបានជួយសង្គ្រោះ ទីតាំងឆាបឆេះទាន់ ព្រមទាំងខូចខាតទ្រព្យសម្បតិ្តក្នុងបន្ទប់អស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ០៦គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យនេះ គឺជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ (៦ម៉ែត្រ គុណ ៤០ម៉ែត្រ) បានបណ្តាលឲ្យឆេះបន្ទប់ដែកប្រក់ស័ង្កសី ទំហំ (២ម៉ែត្រ គុណ ៤ម៉ែត្រ) ចំនួន ០៣បន្ទប់ រួមទាំងសម្ភារៈប្រើក្នុងបន្ទប់អស់ទាំងស្រុង រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕