សារព័ត៌មាន Reuters នៅថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានផ្សាយថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានទទួលស្គាល់ដោយប្រយោលថាកិច្ចចរចាថ្មីមួយក្រោមការសម្របសម្រួលរបស់កាតារ កំពុងធ្វើឡើង ដើម្បីសង្រ្គោះចំណាប់ខ្មាំងដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាប្រធានក្រុមអ្នកចរចាអ៉ីស្រាអែលបានជួបជាមួយនាយករដ្ឋមន្ត្រីកាតារ រៀបចំឡើងក្នុងតំបន់អឺរ៉ុប។
នៅឯសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ លោក Netanyahu មិនបានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាននោះទេ ពាក់ព័ន្ធនឹងជំនួបមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ រវាងប្រធានក្រុមអ្នកចរចាអ៉ីស្រាអែល គឺនាយកចារកម្មអ៉ីស្រាអែល Mossad លោក David Barnea និងនាយករដ្ឋមន្ត្រីកាតារ ព្រះអង្គម្ចាស់ សៀស មហាំម៉ាត់ ប៊ីន អាប់ឌុលរ៉ស់ម៉ាន អាល់ថានី (Sheikh Mohammed bin Abdulrahman Al Thani)។ ប៉ុន្តែ លោក Netanyahu បានទទួលស្គាល់ថា លោកបានចេញបញ្ជាមួយទៅកាន់ក្រុមអ្នកចរចាអ៉ីស្រាអែល។
ព័ត៌មានពីកិច្ចចរចាជុំថ្មីមួយខាងលើ ត្រូវបានរាយការណ៍មុនគេដោយកាសែតអាមេរិក Axios ដែលកើតឡើងបន្ទាប់ពីយោធាអ៉ីស្រាអែលបានសារភាពថា ទាហានរបស់ខ្លួនបានបាញ់សម្លាប់ចំណាប់ខ្មាំង ៣នាក់ដោយចៃដន្យកាលពីថ្ងៃសុក្រ៕ ដោយធីរីណា
រូបថត: NYT