ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា៖ លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន នឹងត្រូវបានបណ្តេញចេញពីក្របខណ្ឌ។
ជាក់ស្ដែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី១៦ ខែធ្នូថ្មីៗនេះថា៖ អនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ ។
លោកស្នងការរូបនេះ បានថ្លែងបន្តថា ស្នងការដ្ឋាននគរបាលខេត្តកំពត និងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា នេះជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការរដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន៕