ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះដែរ បានធ្វេីឡេីងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ក៏មានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក អគ្គលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋាន តំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំបាន ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ។ លោកប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បន្ថែមពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះការរៀបចំនូវរចនាសម្ព័ន្ធ អំពីតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ទាំងមូលក៏ដូចជាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃឱ្យបានកាន់តែលម្អិតផងដែរ។
ឆ្លៀតឱកាសនោះដែរ លោកក៏បានរម្លឹកជាថ្មីម្តងទៀតអំពីអនុក្រឹត្យលេខ ១០៩ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ដោយសារតែក្រសួងមហាផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀតត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នា។ ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់អង្គភាពនីមួយឡើងវិញឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន។
ក្នុងឱកាសនោះដែរ លោកប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមមានមតិចូលរួម និងផ្តល់ធាតុចូលសំខាន់ៗ ចូលក្នុងអនុក្រឹត្យខាងលើ ដើម្បីឱ្យកាន់តែមានពេញលេញ និងស្របតាមបច្ចុប្បន្នភាព។
ជាចុងក្រោយ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានណែនាំដល់សមាជិកអង្គប្រជុំតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តពិនិត្យមើលឱ្យបានជាក់លាក់ អំពីតួនាទីភារកិច្ចរបស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំអនុក្រឹត្យថ្មីនេះ ល្អគ្រប់ជ្រុងជ្រោយ និងភាពងាយស្រួលដល់ការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ៕