ប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប (EU) មិនគាំទ្រវិធានការការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កកដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែននោះទេ។
សារព័ត៌មាន Financial Times (FT) បានដកស្រង់ប្រភពព័ត៌មាននៅថ្ងៃទី 20 ខែធ្នូ ដែលបានផ្សាយថា “បារាំង អាល្លឺម៉ង់ និងអុីតាលី នៅតែ “ប្រយ័ត្នប្រយែងបំផុត” អំពីគំនិតរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដើម្បីផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។ មន្ត្រីសហភាពអឺរ៉ុបមួយចំនួនភ័យខ្លាចការសងសឹកពីទីក្រុងម៉ូស្គូ ប្រសិនបើជំហាននេះត្រូវបានអនុវត្ត” ។
អត្ថបទដកស្រង់ឯកសារពីគណៈកម្មការអឺរ៉ុបដែលបញ្ជាក់ថាទ្រព្យសម្បត្តិប្រហែល 260 ពាន់លានអឺរ៉ូ (285 ពាន់លានដុល្លារ)នៃធនាគារកណ្តាលនៃប្រទេសរុស្ស៊ីស្ថិតនៅក្នុងក្រុមនៃបណ្តាប្រទេសឧស្សាហកម្មឈានមុខគេចំនួន 7 នៅលើពិភពលោក (G7) ។
ប្រភពបាននិយាយថា ប្រហែល 210 ពាន់លានអឺរ៉ូ (230 ពាន់លានដុល្លារ) នៃទុនបម្រុងរូបិយប័ណ្ណបរទេសរបស់រុស្ស៊ីត្រូវបានរក្សាទុកនៅក្នុងសហភាពអឺរ៉ុបរួមទាំង 191 ពាន់លានអឺរ៉ូនៅបែលហ្ស៊ិកនិង19 ពាន់លានអឺរ៉ូនៅប្រទេសបារាំង។ ប្រទេសស្វីសកាន់កាប់ប្រហែល 7.8 ពាន់លានអឺរ៉ូ បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលមានទ្រព្យសម្បត្តិរបស់រុស្សីរឹបអូសប្រហែល 5 ពាន់លានដុល្លារ។
ទ្រព្យសម្បត្តិរបស់រុស្ស៊ីត្រូវបានបង្កកនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច បន្ទាប់ពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមយុទ្ធនាការយោធាពិសេសនៅក្នុងប្រទេសជិតខាងអ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ 2022។
មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថា «សហភាពអឺរ៉ុបត្រូវខាតបង់ច្រើនជាងនេះ» ពីព្រោះមិនដូចអាមេរិកទេ សហភាពអឺរ៉ុបកាន់កាប់ទ្រព្យសម្បត្តិភាគច្រើនរបស់ក្រុងម៉ូស្គូ៕
រូបថត:RT