សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ នេះ នឹងហើយរួចរាល់នៅត្រឹមឆ្នាំ២០២៦

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ រវាងកម្ពុជានិងជប៉ុន សម្ដេចបានជំរុញឱ្យបើកការដ្ឋានកំពង់ផែថ្មីជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ នេះ នៅក្នុងឆ្នាំ២០២៣ នេះតែម្ដង ដើម្បីឱ្យបានហើយរួចរាល់នៅត្រឹមឆ្នាំ២០២៦។

សម្ដេចធិបតីបានថ្លែងដូចនេះ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចធិបតីបានរំលេចពីសមិទ្ធផលជាច្រើនដែលមិត្តជប៉ុនបានជួយដល់កម្ពុជា ដែលមានទាំងវិស័យធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលជាដើម។ សមិទ្ធផលទាំងនោះរួមមានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្លូវជាតិលេខ១ ផ្លូវជាតិលខ៥ ស្ពានគីហ្សូណា ស្ពានត្សឺបាសា ជាដើម ។ល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។
សម្តេចធិបតី បានបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុមានចំនួនជាង ៧ លានតោន កើនឡើង ១១,៣៤ ភាគរយ ដោយរកចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥ លានដុល្លារអាម៉េរិក កើនឡើង ២,៧១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print