ខេត្តកំពត៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានប្រាប់ឱ្យដឹងព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាលនៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។
ជាមួយគ្នានោះ លោក ស សូរិន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារធនធានកម្រទាំងនេះទាំងអស់គ្នា។
គួររម្លឹកថា លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតរូបនេះ កន្លងទៅធ្លាប់បានឱ្យដឹងដែរថា៖ សត្វផ្សោតទឹកប្រៃ ឬត្រី Dolphin មានរូបរាងពណ៌ផ្កាឈូកប្រភេទនេះ មានវត្តមាននៅក្នុងកម្ពុជាជាយូរមកហើយ តែពុំសូវមានអ្នកបានដឹង។
លោកបន្តថា សត្វផ្សោតផ្កាឈូកនេះ តែងតែត្រូវបានប្រជានេសាទ ប្រទះឃើញវាហែលប្រឡែងគ្នាលេង និងរកចំណី នៅក្នុងដែនសហគមន៍ព្រែកត្នោត និងសហគមន៍ចង្ហោន ក្នុងក្រុងបូកគោ ខេត្តកំពត។
នាយខណ្ឌរដ្ឋបាលរូបនេះ បន្ថែមថា អាជ្ញាធរខេត្តកំពតកំពុងតែសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ក្នុងការអភិវឌ្ឍដែនសហគមន៍ទេសចរណ៍ធម្មជាតិព្រែកឆ្នោត ឬហៅថាអន្លង់ធំ និងដែនសហគមន៍ទេសចរណ៍ដង្ហោន ដើម្បីរៀបចំឱ្យភ្ញៀវទេសចរចូលមកកម្សាន្ត និងទស្សនាសត្វផ្សោតទឹកប្រៃប្រភេទនេះ ហើយខេត្តកំពត នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតាមរយៈការចូលទស្សនាសត្វផ្សោតផ្កាឈូកនេះ។
គួរបញ្ជាក់ផងដែរថា ផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕