ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៣ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៤

ចែករំលែក៖

ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឱ្យដឹងថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈ​​គ្រប់គ្រងបុគ្គលិក ​សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៣,៧៩៣នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦៣,៣២៦នាក់ និងមាន ៣១ទីតាំង ក្នុងនោះ ២៩ទីតាំងជាសាលានិង២ទីតាំង ជាសាកលវិទ្យាល័យ។ ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ៣ធំៗដូចជា I. ប៊ែលធីសំណង់  II. ប៊ែលធីទេសចរណ៍ និង III. ប៊ែលធីអប់រំ ដែលចែកចេញជា ៤ផ្នែកគឺ ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ  ៣-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និង ៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិព្រមទាំងមាន មូលនិធិសប្បុរសធម៌ ប៊ែលធី ផងដែរ។

ក្នុងឆ្នាំ២០២៣ ប៊ែលធី គ្រុប សម្រេចបាននូវសមិទ្ធផលធំៗ ដូចជា៖

I. ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី២៥-២៦ និងកំពុងសាងសង់អគារប៊ែលធីទី២៧-២៨–២៩ និងស្នាក់ការកណ្តាលប៊ែលធី គ្រុប

II. ប៊ែលធីទេសចរណ៍ មានរថយន្តទំនើបៗ ១៦គ្រឿង ក្នុងនោះ ៤៥កៅអី =១២គ្រឿង, ២៥កៅអី =២គ្រឿង, ១៥កៅអី =២គ្រឿងសម្រាប់ដឹកសិស្ស-និស្សិត និងភ្ញៀវទៅទស្សនានៅតំបន់នានាទូទាំងប្រទេស។

​​III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា និងប្រឡងជាប់ជាស្ថាពរ ២៨,២៦៦នាក់ ក្នុងនោះបានចែកចេញជា៖

​​​–សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ១៨,៩៣៥នាក់​ ជាប់១៦,៥១២នាក់ ស្មើនឹង ៨៧.២% និទ្ទេស A ចំនួន ៣៩៧នាក់

​​–សិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ចំនួន ១១,៧៥៤នាក់បានពិន្ទុតេស្តអន្តរជាតិអាយអិល (IELTS) ៥.០ឡើង ៨,៨១៦នាក់ ស្មើនឹង៧៥%

IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សាទាំងកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ ចំនួន ៣,៣៦៣នាក់ ក្នុងនោះថ្នាក់គរុកោសល្យ ៦៩៧នាក់ បរិញ្ញាបត្ររង ៣៥០នាក់ បរិញ្ញាបត្រ ២,២៧៥នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៣៣៤នាក់ និងថ្នាក់បណ្ឌិត ៧​នាក់។

V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស–និស្សិតទៅក្រៅប្រទេសចំនួន ១,៣១១នាក់ ក្នុងនោះសិស្ស–និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១៤១នាក់ សិស្ស–និស្សិតបង់ថ្លៃ ៥៨នាក់ និងសិស្ស–និស្សិត ធ្វើទស្សនកិច្ចសិក្សា ១,១១២នាក់។

VI.មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី បានទទួលសិទ្ធិរៀបចំតេស្តអន្តរជាតិធំៗ ៤ ៖ ១-តេស្តថូហ្វល (TOEFL) ពីអាមេរិក, ២-តេស្តអាយអ៊ែល (IELTS) ពីអង់គ្លេស, ៣-តេស្ត GRE (ជីអអ៊ី) ពីអាមេរិក និង ៤-តេស្ត SELT (អេស-អ៊ី-អែល-ធី) ពីអង់គ្លេស និងមានសិស្ស-និស្សិតចូលរួមប្រឡង ១,៦២៦នាក់។

ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤

ឆ្នាំ២០២៤នេះ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖

១–​ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត

​២-​ថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) និងស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ

​៣-​ពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមានឱ្យបានកាន់តែល្អប្រសើរ និងកែសម្រូលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ

​៤–​ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា អាណាព្យាបាលសិស្ស និស្សិត

​៥–​បន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) គ្រប់ផ្នែកនៃប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត

​៦–​ពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់

​៧–​ពង្រឹងយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់

​៨–​បើកវគ្គបំប៉នគរុកោសល្យបង្រៀនជូនដល់សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៅគ្រប់កម្រិត និងគ្រប់ផ្នែក ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងថ្មី សម្រាប់ការបង្រៀនឱ្យទាន់សម័យឌីជីថល

​៩–​អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក

​១០–​បើកថ្នាក់បំប៉នមុខវិជ្ជាសំខាន់ៗជូនសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងបាក់ឌុប និងធ្វើយ៉ាងណាឱ្យជាប់ចាប់ពី ៨៨%-៩៣% និងសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ

​១១–​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលបានចុះអនុស្សារណយោគយល់ (MoU) រួចហើយទាំង ១៨ប្រទេស និង ៨០សាកលវិទ្យាល័យនៅលើពិភពលោកឱ្យបានល្អប្រសើរ និងបន្តរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី (BELTEI International Collaboration Conference – BICC) លើកទី៨ នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅសិក្សានៅក្រៅប្រទេស តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ

​១២–​អភិវឌ្ឍជាប្រចាំនូវបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និង Media ដែលមានស្រាប់ ជាពិសេស Mobile App របស់សាលា ប៊ែលធី អន្តរជាតិ (BELTEI IS App) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI IU App) វែបសាយ ហ្វេសប៊ុក ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីជាជំនួយក្នុងការសិក្សាបន្ថែម និងសម្រាប់អ្នកដែលចង់ឈ្វេងយល់អំពីប៊ែលធី គ្រុប ក៏ដូចជាអ្នកដែលចង់សិក្សាទាំងភាសាខ្មែរនិងអង់គ្លេសតាមកម្មវិធីក្រសួងអប់រំ ពីគ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ–អ្នកគ្រូ គ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍​ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប និងពានរង្វាន់ការងារ ប័ណ្ណអាហា–រូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ សរុបចំនួន ៤០៦នាក់ នាពេលនោះផងដែរ។

                     

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print