មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុន២៥% របស់ក្លិបបិសាចក្រហម Manchester United ក្នុងតម្លៃប្រហែល១.៣ពាន់លានដុល្លារ។ ស្ថាប័ន Ineos Group របស់លោក Ratcliffe នឹងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិបមួយនេះ។
បុរសវ័យ៧១ឆ្នាំរូបនេះក៏នឹងផ្តល់ប្រាក់៣០០លានដុល្លារសម្រាប់ការវិនិយោគនាពេលអនាគតទៅក្នុងកីឡដ្ឋាន Old Trafford របស់ក្លិប។ ការ ប្រកាស នេះ ធ្វើ ឡើង ក្នុង រយៈពេល១៣ខែ បន្ទាប់ ពី ម្ចាស់ ក្លិប គឺ គ្រួសារ Glazer បាន និយាយ ថា ពួកគេ កំពុងពិចារណា លក់ ដើម្បីស្វែងរក ជម្រើស ជា យុទ្ធសាស្ត្រ។ គ្រួសារជនជាតិអាមេរិកមួយនេះបានទិញក្លិបនេះក្នុងតម្លៃ៧៩០លានផោនក្នុងឆ្នាំ២០០៥។
អ្នកដេញថ្លៃតែមួយគត់ដែលត្រូវបានប្រកាសជាសាធារណៈគឺធនាគារកាតា Sheikh Jassim bin Hamad Al Thani បានដកសំណើរបស់គាត់ដើម្បីទិញក្លិប១០០%នៅក្នុងខែតុលា។ ក្លិប Manchester United បានជួបការលំបាកនៅលើទីលានក្នុងរដូវកាលនេះ ហើយមិនបានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ២០១៣មក ខណៈដែលមានការតវ៉ាជាប្រចាំប្រឆាំងនឹងការកាន់កាប់របស់គ្រួសារ Glazer ដែលកាន់កាប់ក្លិប។
លោក Ratcliffe កើតនៅទីក្រុង Manchester គឺជាប្រធានក្រុមហ៊ុនគីមីឥន្ធនៈ Ineos ហើយនិយាយថា គាត់គឺជាអ្នកគាំទ្រក្លិបពេញមួយជីវិត។ គាត់បានព្យាយាម និងបរាជ័យក្នុងការទិញក្លិប Chelsea កាលពីឆ្នាំមុន។
ក្លិបអះអាងថា កិច្ចព្រមព្រៀងនេះគឺស្ថិតលើការយល់ព្រមតាមបទប្បញ្ញត្តិ ប៉ុន្តែសង្ឃឹមថាវានឹងត្រូវបានបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដំបូងនឹងមានដំណើរការពី៦ទៅ៨សប្តាហ៍សម្រាប់កិច្ចព្រមព្រៀងដែលត្រូវបានផ្តល់សច្ចាប័ន ដែលរួមមានការចុះហត្ថលេខាបិទដោយ Premier League ៕ (រូបភាព ៖ BBC Sport)