ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤របស់ខ្លួននៅសណ្ឋាគារសុខាសៀមរាប ដើម្បីត្រួតពិនិត្យវាយតម្លៃអំពីសមិទ្ឋផលដែលបានអនុវត្តនិងសម្រេចបានក្នុងឆ្នាំកន្លងមករបស់អង្គភាពជំនាញ អាជ្ញាធរដែនដី និងស្វែងរកធាតុចូលក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរព្រមទាំងកំណត់បញ្ហាប្រឈមនានា និងវិធានការដំណោះស្រាយដើម្បីលើកជាទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤។ នេះជាការបញ្ជាក់ពីខាង អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប ។
សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង មានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអេយ្យការ អមសាលាដំបូងខេត្ត មេបញ្ជការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អារុធ អង្គការសង្គមស៊ីវិលសរុបចំនួនប្រមាណជា ៦០០រូប ។
មានប្រសាសន៍បើកអង្គសន្និបាតនោះ លោក ប្រាក់ សោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់មន្ទីរ អង្គភាពក្នុងខេត្ត និង អង្គការសង្គមស៊ីវិល វិស័យឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងរយៈពេលពេញមួយឆ្នាំ សម្រាប់ការដឹកនាំ និងអនុវត្តតាមតួនាទីភារកិច្ច ដោយបានចូលរួមចំណែកយ៉ាងសកម្មដើម្បីបម្រើឱ្យបុព្វហេតុនៃការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យរបស់ខេត្តសៀមរាប ក៏ដូចជាបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តបានបំពេញនូវកាតព្វកិច្ចទាំងឡាយដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាបានកំណត់ជាធរមាន។
លោក បន្តថា នៅក្នុងឆ្នាំ២០២៣នេះ ជាដំណាក់កាលថ្មីមួយនៃការអនុវត្តយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងជាការចាប់ផ្តើមអនុវត្តនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ហើយសម្រាប់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តមុខងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា អង្គសន្និបាតនឹងដំណើរការទៅក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៥និងទី២៦ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈបទអន្តរាគមន៍របស់មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកនិងឃុំសង្កាត់ និងកំណត់ខ្លឹមសារទៅលើបញ្ហាប្រឈម ដំណោះស្រាយ ឬលទ្ឋផលការងារ និងសំណូមពរផ្សេងៗ ។
អង្គសន្និបាតនេះ នឹងលើកយកប្រធានបទចំនួន៥ មកបង្ហាញ ដូចជា៖
ទី១-ការលើកកម្ពស់គុណភាពនិងប្រសិទ្ឋភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងខេត្ត , ។
ទី២- ការគ្រប់គ្រងបញ្ហាសំណង់ ការដោះស្រាយបញ្ហាដីធ្លី និងការចុះបញ្ជីដីធ្លី , ។
ទី៣-ការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ , ។
ទី៤-ការលើកកម្ពស់និងជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ។
និងទី៥-ការកសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ការចូលរួមនិងបញ្ហាប្រឈម៕