ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន៧ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ ដូចមានដូចខាងក្រោម៖
-ទី១៖ សូមស្នើឲ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឲ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ។ សម្តេចសូមលើកទឹកចិត្ត ឲ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឲ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
-ទី២៖ ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិ ស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឲ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈ ជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូត្រូវរៀបចំ ឲ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប។
-ទី៣៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ, ម្យ៉ាងដើម្បីលើកកម្ពស់ ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម និង ម្យ៉ាងទៀត ដើម្បីជាធាតុចូលសម្រាប់គ្រប់ ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន។
-ទី៤៖ ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យ ឲ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល។
-ទី៥៖ ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និង ពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឲ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ។
-ទី៦៖ ដោយការប្រើប្រាស់ទិន្នន័យមានសារៈសំខាន់ចំពោះគ្រប់ការងារ និងគ្រប់វិស័យទាំងអស់, សម្តេចស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបណ្តុះបណ្តាលមន្ត្រីរបស់ខ្លួន នូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុង ការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។ សម្តេចបានបញ្ជាក់ថា ការយល់ដឹងពីស្ថិតិមានសារៈសំខាន់, ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិ ឲ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃគឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។
-ទី៧៖ សូមស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និង បង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់ការយោគលើឧបករណ៍បរិក្ខារបច្ចេកវិទ្យា សមស្របសម្រាប់ក្រសួងផែនការដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឲ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និង រហ័សទាន់ពេល។
សូមបញ្ជាក់ថា ៖ លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២បានបង្ហាញថា កម្ពុជាមានអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧៥៣ ៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥០៥ ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន ខណៈ ៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលស្ត្រីជាតំណាង។អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រីចំនួន ១,៨៤លាននាក់។ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ដែលគ្របដណ្ដប់អង្គភាពសេដ្ឋកិច្ចតែក្នុងពីរវិស័យគឺវិស័យឧស្សាហកម្មមាន ៧% និងវិស័យសេវាកម្ម មាន ៩៣%។ លើសពីនេះ ចំនួនអង្គភាពសេដ្ឋកិច្ចត្រូវបានបែងចែកតាមរាជធានី-ខេត្ត និងតាមទំហំនៃអ្នកចូលរួមការងារក្នុងអង្គភាពសេដ្ឋកិច្ច តាមចំណាត់ថ្នាក់នៃវិស័យសកម្មភាពសេដ្ឋកិច្ច និងតាមចំណូល-ចំណាយរបស់អង្គភាពសេដ្ឋកិច្ច៕