ខេត្តក្រចេះ ៖ រសៀលថ្ងៃចន្ទ ទី១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី លោក សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំសំណេះសំណាលនេះមានការចូលរួមជាគណៈអធិបតីពី លោក តុប ឈុនហេង ប្រធានសាលាដំបូងខេត្តក្រចេះ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាខេត្តក្រចេះ ឯកឧត្តម ទួន សុខុន ទីប្រឹក្សាអមក្រសួងយុត្តិធម៌ លោក ទិត សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ លោកស្រី ស្មាន់ វណ្ណធីតា ប្រធាននាយកដ្ឋានក្រឡាបញ្ជី និងសហការីនៃក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីតុលាការ សរុបចំនួន៤៨រូប និងមានរបៀបវារៈចំនួន៤ដូចខាងក្រោម៖
១. ការពិនិត្យវឌ្ឍនភាពការងារ
២. បញ្ហាប្រឈម
៣. សំណូមពរ និង
៤. យន្តការដោះស្រាយចំពោះសំណូមពរ
ក្នុងកិច្ចបូកសរុបមុនបិទអង្គប្រជុំ លោក សួន វិសាលក៏បានពាំនាំពាក្យសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការទាំងអស់ផងដែរ ៕