ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនជនជាតិចិន ០៣នាក់ ក្នុងករណីដឹកជញ្ជូន ចែកចាយស្លាចិនកញ្ចប់ម៉ាក KOUWEIWANG ក្លែងក្លាយសរុបចំនួន ១០០០កញ្ចប់ ។
មន្រ្តីជំនាញ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ស្ថិតនៅមូលដ្ឋានខេត្តបន្ទាយមានជ័យ ។
ក្រោយពីឃាត់ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់(ជនជាតិចិន) រួមនឹងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមនីតិវិធី។ សូមបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន។
គួររម្លឹកថា សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានចុះបង្ក្រាបទីតាំងវេចខ្ចប់ស្លាចិនក្លែងបន្លំម៉ាក Kouweiwang ដែលស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល ដោយរកឃើញ ផលិតផលក្លែងក្លាយចំនួន ៨៩,៥ គីឡូក្រាម និងឧបករណ៍មួយចំនួន ព្រមទាំងឃាត់ខ្លួនបានជនជាតិចិនចំនួន២នាក់ផងដែរ។
ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជាពលរដ្ឋជួយសហការក្នុងការផ្តល់ព័ត៌មាន ប្រសិនបានដឹងពីការផលិត កែច្នៃ ឬលក់ចែកចាយ នូវផលិតផលសង្ស័យថាខុសច្បាប់ មកដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕ដោយ៖ស តារា