ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញទទួល បានសមិទ្ធផលថ្មីមួយទៀត ពីរាជរដ្ឋាភិបាលជប៉ុន គឺស្ថានីយចម្រោះទឹកកខ្វក់ដែលមានកម្លាំងផលិត ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ ជាជំនួយឥត សំណង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះហើយ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើននៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ជើងឯក ស្ដិតនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ។ ពិធីក្រុងពាលីនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
ជាប្រពៃណីទំនៀមទម្លាប់ខ្មែរមុននឹង សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដែលបានសាងសង់រួច ឬមុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឱ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើនដល់អ្នកប្រើប្រាស់សមិទ្ធផលទាំងនោះ គេតែងតែប្រារព្វនូវពិធីនេះ។
គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុង១ថ្ងៃ។
សូមបញ្ជាក់ថា៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ បានធ្វើពិធីក្រុងពាលីបើកការដ្ឋានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកស្រី ហើយនៅព្រឹកថ្ងៃទី២២ កុម្ភៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផងដែរ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់អោយដឹងហើយថា៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹកបូមចេញពីស្ថានីយបូមទឹកបឹងត្របែក។ ស្ថានីយនេះក៏មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លួវ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រសម្រាប់ជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិកតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ១៩ ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកបន្ថែមទៀតផងដែរ។
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុនចុះហត្ថលេខាលើលិខិតប្ដូរសារកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារJICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕. ដោយ . សំរិត