ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ បណ្តោះអាសន្ន ក្នុងពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៩ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីជូនដំណ២ងនោះ បានបញ្ជាក់ថា៖
សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ស្ថិតក្នុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការរៀបចំពិព័រណ៍សមិទ្ធផល និងម្ហូបអាហារខ្មែរ ប្រគំតន្ត្រី និងអុជកាំជ្រួចអបអរសាទរផងដែរ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នដូចខាងក្រោម៖
១- ក្នុងអំឡុងការប្រារព្ធពិធីខាងលើនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មិនអនុញ្ញាតឱ្យយានជំនិះ គ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិ លេខ៦ ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធីប្រហែលវេលាម៉ោង ១១០០នាទី។ ក្រោយពេលចប់ពិធី យានជំនិះអាចចរាចរជាប្រក្រតី ដោយមានសមត្ថកិច្ចនៅតាមគោលដៅជួយ សម្របសម្រួលចរាចរជូន។ ២- ចាប់ពីម៉ោង ១៤:០០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣តទៅ ពិធីខាងលើនឹងបើកជូនសាធារណៈជន ចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះដូច ប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕ ដោយ៖ សំរិត