ខេត្តបន្ទាយមានជ័យៈ ស្ត្រីវ័យចគណាស់ម្នាក់ជួញដូរនៅសារធាតុញៀន
រួមទាំងអ្នកប្រើប្រាស់ម្នាក់ត្រូវកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នៅភូមិខ្លាងាប់ ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ។
នគរបាលប្រាប់ថា ដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លុបបំបាត់ការផលិត ការជួញដូរ ការចែកចាយ ការដាំដុះនិងប្រើប្រាស់គ្រឿងញៀន លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បញ្ជាដល់គ្រប់កម្លាំងនគរបាលនៃអធិការដ្ឋានគ្រប់ក្រុង ស្រុក ត្រូវរៀបចំផែនការឲ្យស៊ើបអង្កេតស្រាវជ្រាវ បង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ ដែលតែងធ្វើសកម្មភាពក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ដំបូង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ចុះល្បាតក្នុងភូមិសាស្ត្រនិងបានឃាត់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះ ធី ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីសួរនាំឈ្មោះ ធី ថា បានសារភាពថា ថ្នាំញៀនដែលគេប្រើប្រាស់បានទិញពីឈ្មោះ ប៊ូ លី ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានចម្លើយសារភាព ពីឈ្មោះ ធី ថា និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង១២និង៤០នាទី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបន្តសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំទួលពង្រ ឃាត់ខ្លួនឈ្មោះ ប៊ូ លី ភេទស្រី អាយុ៦៤ឆ្នាំ និងបានរកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតិញៀនចំនួន០៩កូនថង់តូចដែលជនសង្ស័យលាក់ទុកក្នុងស្មៅចំងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាងកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកម៉ាំឡៃកំពុងរៀបចំសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្តតាមនីតិវិធី ៕