ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូចេញពីធ្វើការជ្រុលទៅបុកពីក្រោយរថយន្តស្ទូចដឹកដែក ហើយអ្នកបើកបររថយន្តព្យាយាមបើករត់តែត្រូវសមត្ថកិច្ចឃាត់បានរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវភ្នំពេញ-ហាណូយ ខាងមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ រស់ សុជាតិ អាយុ៤៤ឆ្នាំ មុខរបរមេជាងម៉ាស៊ីនក្នុងរោងចក្រមួយកន្លែង រស់នៅភូមិព្រៃក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តស្ទូចដឹកដែកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-2907 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុទល់មុខសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិនឃ្មួញ ពេលនោះស្រាប់តែគេឃើញបុរសរងគ្រោះបានបើកម៉ូតូម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FN-1671 ជិះម្នាក់ឯងធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយពីត្បូងទៅជើងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់រថយន្តស្ទូចដឹកដែកចំពីក្រោយពេញទំហឹង បណ្តាលឱ្យធ្លាយទ្រូងមួយចំហៀងដួលនៅនឹងផ្លូវ ពេលនោះដែរប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ក៏បានឈប់ចុះទៅមើល រួចទាក់ទងទៅខាងរថយន្តសាមុយឱ្យមកដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ខណៈលើកជនរងគ្រោះដាក់លើរថយយន្តសាមុយ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ ចំណែករថយន្តស្ទូចដឹកដែកវិញបានបន្តល្បឿន បើករត់ទៅមុខជាច្រើនម៉ែត្រត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមឃាត់បានតែរថយន្ត ចំណែកបុរសជាអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕