ភ្នំពេញ : ស្របពេលដែលភ្ញៀវជាតិ អន្តរជាតិ រាប់សែននាក់ បានអញ្ជើញទៅទស្សនាកំសាន្ត បង្កើតបរិយាកាសសប្បាយ តាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ។ ខណៈនេះក៏មាន ជនឆក់ឱកាស លក់ដូរ ដំឡើងតម្លៃ ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ ជាពិសេស ផ្ទុយពីការណែនាំរបស់អាជ្ញាធរសមត្ថកិច្ចដែនដី និងប៉ះពាល់ ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ ។
ទីបំផុត ! អាជ្ញាធរខេត្តព្រះសីហនុ បានទទួលសេចក្តីរាយការណ៍យ៉ាងពិតប្រាកដ ពីមនុស្សដែលលោភលន់ លក់ដូរកាប់ថ្លៃ មកលើភ្ញៀវទេសចរណ៍ ក៏មានវិធានការជាបន្ទាន់ ស្វែងរកមុខ ដើម្បីឃាត់ខ្លួន យកមកធ្វើការអប់រំ និងចង់បញ្ជាក់ប្រាប់សាធារណជនឲ្យបានជ្រាបថា , អ្នកប្រព្រឹត្តបំពានច្បាប់ ផ្ទុយពីការណែនាំរបស់អាជ្ញាធរនិងសមត្ថកិច្ចដែនដី មិនអាចអនុគ្រោះ ពីព្រោះនេះជាកិត្តិយសរបស់ មុខមាត់ប្រទេសជាតិយើងផង។
នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហោះលើ ផេកផ្លូវការ យ៉ាងដូច្នេះថា : កុំឈ្លេីយ ប្រាប់ហេីយថា កុំវ៉ាងទី លេីឆ្នេរសាធារណៈ គាត់នឹងដាក់តុ ទាលុយភ្ញៀវ រហូតដល់៣មុឺនរៀល យកមកវាស់កំពស់ម្ដងមេីល រួចធ្វេីតេស្ត វិជ្ជមាន សារធាតុញៀនទៀត យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត ។
អរគុណ ប្រិយមិត្ត រាយការណ៍មក ។
ការចាត់វិធានការ ចំពោះបុគ្គលមួយចំនួនដែលប្រព្រឹត្តមិនគប្បី ជាការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីធ្វើឲ្យ មានសណ្ដាប់ធ្នាប់ មានការគោរពស្រឡាញ់ រវាងគ្នានឹងគ្នា ជាមួយនឹងស្នាមញញឹម ដែលជាសីលធម៌ ប្រពៃណីវប្បធម៌ផូផង់របស់ជាតិខ្មែរ ៕