ភ្នំពេញ : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកពិភាក្សា លើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។
ក្នុងអង្គជំនួប លោកឯកអគ្គរដ្ឋទូត បានថ្លែងការអបអរសាទរជូនដល់ លោកឧបនាយករដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញក្ដីរំពឹងថាប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ហើយឯកឧត្តមក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសនេះបានជម្រាបជូនអំពីកិច្ចការងាររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគ រវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។
ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រីនឹងពិនិត្យលទ្ធភាព ឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ ៕
ដោយ : សិលា