ភ្នំពេញ : អ្នកវិភាគនយោបាយវាយប្រហារបក្សប្រជាជនកម្ពុជា លើទំព័រ «ភ្នំពេញប៉ុស្តិ៍» លោក «សូ សមយុទ្ធ» កាលពីពេលមុននោះ នៅពេលនេះសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាហើយ។
អត្ថបទវិភាគនយោបាយរបស់លោកកាលនោះ មានការចាប់អារម្មណ៍ខ្លាំងណាស់ពីអ្នកអ្នកនយោបាយ អ្នកតាមដាននយោបាយ ក្នុងនោះមានសម្តេចតេជោផងដែរ។
ករណីនេះសម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា : ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម
ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក
ឡុង គឹមឃន (ឈ្មោះហៅក្រៅ
សូ សមយុទ្ធ)ដែលសុំមកចូលរួមជីវភាព
នយោបាយជាមួយគណបក្សប្រជាជន
កម្ពុជា។
សូមបញ្ជាក់ : លោក ឡុង គឹមឃន មានរហស្សនាម «សូ សមយុទ្ធ» លើទំព័រវិភាគនយោបាយរបស់ «ភ្នំពេញប៉ុស្តិ៍» មានអតីតភាពជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនជាជនកម្ពុជា។
ក្នុងលិខិតចូលរួមជីវភាពនយោបាយនេះ លោក ឡុង គឹមឃន បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យ ៤០ឆ្នាំកន្លងមកនេះ លោកបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមាននយោបាយច្បាស់ កម្លាំងនយោបាយរឹងមាំ និងគោលនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយនិងសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត។
សម្តេចតេជោ ហ៊ុន សែន អ្នកនយោបាយបេះដូងទូលាយមិនប្រកាន់ទោសអូសដំណើរចំពោះអតីតកាលរបស់លោក ឡុង គឹមឃន នោះឡើយ ហើយប្រកាសស្វាគមន៍ដោយក្តីរីករាយចំពោះសំណើខាងលើនេះ។
ក្នុងមួយរយៈចុងក្រោយនេះ យុវជនជាបញ្ញវន្តរបស់អតីតគណបក្សសង្គ្រោះជាតិជាច្រើនរូប បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ ការណ៍នេះ បានស្តែងឱ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីក្រុមបញ្ញវន្ត បន្ទាប់ពីបានឃើញជាក់ស្តែងនូវនយោបាយដឹកនាំ ដែលនាំសង្គមឆ្ពោះទៅរកភាពប្រសើរ។
សូមរំលឹក : គណបក្សប្រជាជនកម្ពុជា តែងតែទទួលយកជានិច្ច គ្រប់និន្នាការគណបក្សនយោបាយ ដែលមកចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ។ ដោយសារតែគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋជនរួមជាតិ ជាឈាមបេះដូងតែមួយ សំខាន់ ការពារ សន្តិភាព បង្កើនការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ៕
ដោយ : សិលា