ភ្នំពេញ៖ កម្ពុជាការនាំចេញម្រេចទៅប្រទេសចិនមានចំនួន ៤៩០ គីឡូក្រាម គិតជាទឹកប្រាក់ចំនួន ៩,៥៤៦ ដុល្លារអាមេរិក នេះបេីគិតត្រឹមបំណាច់ឆ្នាំ២០២៣ ខណៈការនាំចេញសរុបមានប្រមាណជាង ៦ ១៥២ តោន ក្នុងនោះនាំចេញទៅប្រទេសចិន ប្រទេសវៀតណាម អាល្លឺម៉ង់ កូរ៉េ ជប៉ុន បារាំង សហរដ្ឋអាមេរិក អ៊ីតាលី រុស្ស៊ី អង់គ្លេស ឥណ្ឌា កាណាដា និងប្រទេសម៉ាឡេស៊ី។
បេីតាមការបញ្ជាក់ពីអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានថ្លែងប្រាប់អង្គភាពសារព័ត៍មានក្នុងស្រុកនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះថា ការនាំចេញម្រេចទៅកាន់ទីផ្សារចិនស្ថិតក្នុងបរិមាណតិចតួចនៅឡើយ ដោយសារយើងទើបបានបំពេញនីតិវិធី សម្រាប់ទីផ្សារមួយនេះ ប៉ុន្តែក៏ជាទីផ្សារដែលមានសក្តានុពលខ្លាំងផងដែរ។ លោកអនុរដ្ឋលេខាធិការ បន្តថា ប្រទេសកម្ពុជាបានចុះហត្ថលេខាជាមួយអគ្គរដ្ឋបាលគយចិន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចទៅកាន់ប្រទេសចិន។
លោក ឃឹម ហ្វីណង់ បានថ្លែងបន្តថា “បច្ចុប្បន្នក្រសួងកសិកម្ម ក៏កំពុងធ្វើការយកចិត្តទុកដាក់ខ្លាំង ដោយបានចាត់ទុកម្រេច គឺជាដំណាំយុទ្ធសាស្រ្តមួយក្នុងចំណោមដំណាំយុទ្ធសាស្រ្តអាទិភាព៤មុនគេ ដែលយើងនឹងរៀបចំ យកមកធ្វើចងក្រងទៅជាសហគមន៍កសិកម្មទំនើប ក្នុងនោះមានដំណាស្រូវ ម្រេច ស្វាយចន្ទីរ និងបន្លែ ហើយយើងសង្ឃឹមថា បើសិនជាយើងទទួលបានជោគជ័យក្នុងការចងក្រង និងប្រែក្លាយសហគមន៍ជាច្រើនសម្រាប់កសិករដែលដាំដំណាំម្រេចឲ្យទៅជាសហគមន៍កសិកម្មទំនើបបាន នោះយើងនឹងបង្កើននូវលទ្ធភាពប្រកួតប្រជែង នៃទីផ្សារម្រេចទៅកាន់ទីផ្សារនាំចេញនៅលើពិភពលោកផងដែរ”។
គួរបញ្ជាក់ថា គិតក្នុងឆ្នាំ២០២៣ ការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៥ ២៣៣តោន ប្រទេសអាល្លឺម៉ង់ចំនួន ៥៣៥,៦៣តោន ប្រទេសកូរ៉េចំនួន ៧៦,៦៩តោន ប្រទេសថៃចំនួន ៧០តោន សាធារណរដ្ឋឆេកចំនួន ៦៧,៩០តោន ប្រទេសបារាំងចំនួន ៣៨,០៤តោន សហរដ្ឋអាមេរិកចំនួន ២៦,៧០តោន ប្រទេសអ៊ីតាលីចំនួន ២៥តោន ប្រទេសអ៊ីស្រាអែលចំនួន ២៥តោន កោះតែវ៉ាន់ចំនួន ១៥,០៤តោន ប្រទេសម៉ាលីចំនួន ១៥តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១២,៨៧តោន ប្រទេសជប៉ុនចំនួន ៥,៩៩តោន ប្រទេសរុស្ស៊ីចំនួន ១,៥៩តោន ចក្រភពអង់គ្លេសចំនួន ១,៥០តោន ប្រទេសឥណ្ឌា ០,៩៦តោន ប្រទេសចិនចំនួន ០,៤៩តោន ប្រទេសលីទុយអានីចំនួន ០,៤២តោន ប្រទេសនូវែលហ្សេឡង់ចំនួន ០,៣៧តោន ប្រទេសកាណាដា ០,២៤តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៥តោន ប្រទេសអូស្រ្តាលីចំនួន ០,១៣តោន ប្រទេសសិង្ហបុរីចំនួន ០,១០តោន ប្រទេសដាណឺម៉ាកចំនួន ០,០២តោន ប្រទេសហូឡង់ចំនួន ០,០១តោន ប្រទេសអូទ្រីសចំនួន ០,០០៦តោន និងប្រទេសម៉ាឡេស៊ីចំនួន ០,០០២តោន។
ដោយឡែកយោងតាមស្ថិតិឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ផ្ទៃដីដាំដុះម្រេចនៅទូទាំងប្រទេសកម្ពុជាមានចំនួន៧ ០៦០ហិកតា នៅទូទាំង១៧ខេត្ត (លើកលែងតែខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ស្ទឹងត្រែង និងស្វាយរៀង ដែលគ្មានការដាំដុះម្រេច) ផ្ទៃដីប្រមូលផលមានចំនួន ៦ ៨៣០ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ១៨ ៥០៣តោន (ទិន្នផលជាមធ្យមមានចំនួន ២,៧១តោន/ហិកតា)៕ដោយ៖តារា