ខេត្តកំពង់ចាម៖ នារីម្នាក់បានមកប្តឹងសមត្ថកិច្ច និងអះអាងថា ខ្លួនត្រូវបានប្រុសព្រានម្នាក់ឆក់ឱកាសពេលដែលខ្លួនជិះម៉ូតូដួលតាមផ្លូវ ហើយមកអូសដៃខ្លួនយកទៅរំលោភនៅក្នុងព្រៃរហូតបានដូចបំណងប្រាថ្នា។
លោកអធិការនគរបាលស្រុកកំពង់សៀម ឯក វណ្ណដន បានឲ្យដឹងថា នៅថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៦ អធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានទទួលពាក្យបណ្តឹងថាមាន ករណីរំលោភសេពសន្ថវៈ។
លោកបន្តថា ជនរងគ្រោះឈ្មោះស.គ.ធ អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម បានប្តឹងពីឈ្មោះ ញ៉ អុន ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅភូមិរលៀក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថាបានចាប់រំលោភសេពសន្ថវៈខ្លួនរហូតបានសម្រេច។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ ជនសង្ស័យបានចាប់ជនរងគ្រោះរំលោភនៅចំណុចតាមផ្លូវក្រោយភូមិក្រឡាចំងាយប្រហែល៣៥០ម៉ែត្រ ខណៈជនរងគ្រោះជិះម៉ូតូទៅយកប្តីនៅភូមិរលៀកហើយបានដួលម៉ូតូនៅកន្លែងកើតហេតុ ពេលនោះជនសង្ស័យឆក់ឱកាសអូសដៃជនរងគ្រោះចូលទៅក្នុងព្រៃរំលោភរហូតបានសម្រេច។ លោកអធិការបានឲ្យដឹងថា ករណីនេះក្រោយ ទទួលបានពាក្យបណ្តឹងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុហេីយធ្វេីការត្រួតពិនិត្យថាពិតជាមានករណីរំលោភពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕
ដោយ៖ វណ្ណះ