សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទីស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទីរបស់ស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការពង្រឹងតួនាទីស្ថាប័ន និងការលើកកម្ពស់សមភាពយេនឌ័រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល ក៏ប្តេជ្ញាជំរុញការលើកកម្ពស់ស្រ្តី និងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអារិយធម៌ខ្ពស់ដោយយកស្រ្តីជាស្នូល។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖  សិទ្ធិសេរីភាពស្ត្រីត្រូវតែលើកតម្កើង តែមិនត្រូវ ឱ្យហួសព្រំដែននោះទេ ជាពិសេសអត្តសញ្ញាណនារីខ្មែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា ចំពោះអ្នកដែលធ្វើកម្មភាពផ្សព្វផ្សាយផលិតផលអនឡាញ ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី ឱ្យបន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print