សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកិច្ចការនារី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមករា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទសន្និ​បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ​នារី​ បានឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​ថា​ សិទ្ធិសេរីភាពស្ត្រីត្រូវតែលើកតម្កើង តែមិនត្រូវ ឱ្យហួសព្រំដែននោះទេ ជាពិសេសអត្តសញ្ញាណនារីខ្មែរ។

-សម្ដេចធិបតី​ ថ្លែងបញ្ជាក់ថា ទោះបីជាថ្ងៃខាងមុខ កម្ពុជាអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណជាតិមិនត្រូវបាត់បង់ឡើយ ជាពិសេសមិនត្រូវបាត់បង់តម្លៃជាស្ត្រីខ្មែរ។

-សម្ដេច​ធិបតី​ ប្រកាស​ណែនាំឱ្យក្រសួងពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិការពារសង្គម និងសេវាថែទាំ សុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវា និងដោយគ្មានការរើសអើង។

-សម្ដេចធិបតី ថ្លែង​ថា ចំពោះអ្នកដែលធ្វើកម្មភាពផ្សព្វផ្សាយផលិតផលអនឡាញ ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។

-សម្ដេចធិបតី ប្រកាស​លើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី ឱ្យបន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។

-សម្ដេចធិបតី ប្រកាស​ណែនាំអ្នកលក់ផលិតផលអនឡាញ និងអ្នកបង្កើតមាតិកាផ្សព្វផ្សាយផ្សេងៗ ធ្វើអ្វីក៏ដោយសូមកុំឱ្យហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ។

-សម្ដេចធិបតី ប្រកាស​លើកទឹកចិត្តដល់ក្រសួងកិច្ចការនារីបន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម។

នាឱកាសនោះ​ដែរ​ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែង​ថា គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីរបស់ ក្រសួងកិច្ចការនារី បានជួយឱ្យសហគ្រិនស្ត្រីកម្ពុជាចំនួន៥៩រូប ទទួលបានពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ាន។

លោកស្រី អ៊ឹង កន្ថាផាវី អះអាងថា ក្រសួងបានកោះហៅនារីដែលធ្វើវីដេអូបរិភោគកង់ឡាន ស្បែកជើង ជាមួយអំបិលម្ទេសមកព្រមាន និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះទង្វើដែលប៉ះដល់កិត្តិយសជាតិបែបនេះ។

គួរជម្រាបជូនថា​ ក្រសួងកិច្ចការនារី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែមករា ឆ្នាំ២០២៤។ សន្និបាតនេះមានការចូលរួមពី​ថ្នាក់​ដឹកនាំ មន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុម​ប្រឹក្សា​-អភិបាលរងរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល សរុបប្រមាណ ៥១៥រូប។ 

ក្នុងអង្គសន្និបាត បានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្លងមក ដោយផ្អែក​តាម​ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ២០១៩-២០២៣ និងពិនិត្យកាលានុវត្តភាពថ្មី ដើម្បីលើកទិសដៅ​បន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print