ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ និងវប្បធម៌ប្រពៃណីខ្មែរ ដោយមិនត្រូវធ្វើអ្វីដែលភ្លើតភ្លើនហួសព្រំដែន និងសិទ្ធិសេរីភាពនោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សាប្រពៃណី វប្បធម៌របស់ខ្មែរយើងពីមួយជំនាន់ទៅមួយជំនាន់ដើម្បីកុំឱ្យបាត់បង់ ជាពិសេសគឺថែរក្សាតម្លៃស្រ្តីខ្មែរយើងផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី បន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។ បន្ថែមពីលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំពួកគាត់ មិនឱ្យធ្វើអ្វីដែលហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ណែនាំអ្នកលក់ផលិតផលអនឡាញ និងអ្នកបង្កើតមាតិកាផ្សព្វផ្សាយផ្សេងៗ ធ្វើអ្វីក៏ដោយសូមកុំឱ្យហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាលើកទឹកចិត្តដល់ក្រសួងកិច្ចការនារីបន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម ៕
ដោយ ៖ សិលា