ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ថា ៖ ករណីនេះ នគរបាលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលរូបនេះ ដោយសាររូបគេបានប្រឌិតភូតកុហក់សមត្ថកិច្ច និងបង្កភាពឆោរឡោរ បំភ្លៃបំប៉ោងព័ត៌មាន នឹងជាការបំពុលសង្គម ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណះ ដូច្នោះហើយសមត្ថកិច្ចមិនអាចមានការលើកលែងបាននោះទេ ។
គួររំលឹកថា ៖ ដំណើររឿងហេតុ ជនប្រឌិតរឿងខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីយកម៉ូតូទៅផ្ញើរនៅសណ្ឋាគារភ្នំពេញ រួចខ្លួនបន្តជិះផាស់អាប់ចូលទៅក្នុងតំបន់បឹងកក់ លុះដល់កន្លែងស្ងាត់ ក៏យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងផ្នែកខាងក្រោយ បណ្តាលឱ្យឈាមរងរបួស ហើយផ្អើលឆោរឡោរថា មានគេប្លន់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្តងទៅ ។
សូមបញ្ជាក់ថា ៖ ករណីបុរសម្នាក់បានប្រឌិតរឿងថា ខ្លួនត្រូវជនសង្ស័យព្រួតវាយប្លន់យកម៉ូតូ នៅក្នុងតំបន់បឹងកក់ ស្ថិតក្នុងខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ត្រូវបាននគរបាលសម្រេចធ្វើការឃាត់ខ្លួន នឹងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។
លោក សំ វិច្ឆិកា បានបញ្ជាក់ថា ៖ ជនដែលបានប្រឌិតរឿង មានឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ ។ រូបគេបានប្រឌិតរឿងឡើង ដោយសារមានបញ្ហាទំនាស់ជាមួយស្ត្រីជាប្រពន្ធ ទើបសម្រេចប្រើវិធីថា មានចោរប្លន់ម៉ូតូខ្លួន និងទ្រព្យសម្បត្តិមួយចំនួន ដើម្បីឱ្យស្ត្រីជាប្រពន្ធបានដឹង ហើយត្រឡប់មកយល់ចិត្ត និងអាណិតខ្លួនវិញ ។
នៅចំពោះមុខសមត្ថកិច្ចគេសារភាពថា ៖ ធ្វើអោយមានការចាប់អារម្មណ៍ពីប្រពន្ធ ព្រោះរកាំរកូសទាស់សំដីញឹកញាប់ ហើយបង្កើតរឿងនេះឡើងដើម្បីអោយប្រពន្ធអាណិត ហើយយកបង្វិលគម្របកំប៉ុងភេសជ្ជៈមកឆូតក្បាលអោយឈាម ដើម្បីប្រឌិតរឿងកុហកសមត្ថកិច្ចថា ចោរវ៉ៃប្លន់ម៉ូតូរបស់ខ្លួន ៕
ដោយ ៖ សិលា