ខេត្តបន្ទាយមានជ័យៈ ជាទំនៀមទម្លាប់ខ្មែរយើងតាំងដើមរៀងមកតែងតែមានភាពសាមគ្គីគ្នាល្អប្រសើរ ជួយដោះទុក្ខធុរៈគ្នាទៅវិញទៅមក ទោះបីជាមានមនុស្ស មួយចំនួនតូចនៅមានចរិតអាត្មានិយម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់ពីអ្នកដទៃក៏ដោយ ។ ក៏ប៉ុន្តែមិនប្រាកដថា គ្មានមនុស្សល្អដែលស្រលាញ់និងចេះជួយគ្នានោះដែរ។ យ៉ាងណាមិញស្ត្រីអភព្វស្នេហ៍ម្នាក់ដែលប្ដីរត់ចោលបន្សល់កូនប្រុសជាឈាមមួយតំណក់អាយុទាបជាង០១ខួប ហើយមួយរយៈពេលជិត០១ខែកន្លងទៅនេះ ប្អូនប្រុសបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះដ៏កំសត់របស់គាត់ដែលតាមជំនឿថាចង្រៃមិនអាចរស់នៅបានក៏បង្ខំចិត្តរុះរើចោល ធ្វើឱ្យគាត់អត់ជម្រកនៅ និងទទួលបន្ទុកចិញ្ចឹមប្អូនប្រុសជីដូនមួយដែលពិការតាំងពីកំណើតទៀត។ តែដោយការយកចិត្តទុកដាក់ពីអាជ្ញាធរភូមិនិងប្រជាពលរដ្ឋ៣ភូមិគឺភូមិគោកលៀប ភូមិឈូកនិងភូមិបែកចានរៃអង្គាសគ្នាបានថវិកាចំនួន៣លានរៀលធ្វើផ្ទះឱ្យនៅនិងបង្គន់អាម័យ០១ផងដែរ ។
អ្នកស្រីថូ ធូរ អាយុ៣៣ឆ្នាំ រស់នៅភូមិ គោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ជាស្ត្រីមេម៉ាយកូនមួយប្ដីរត់ចោលនោះបានរៀបរាប់ថា ឆាកជីវិត របស់អ្នកស្រីពិតជាលំបាកខ្លាំងណាស់ ដោយសារតែជីវិតក្រខ្សត់ជួបហានិភ័យក្នុងគ្រួសារ រូបគាត់បានរសាត់អណ្តែតពី ស្រុកកំណើតនាមូលដ្ឋានខាងលើចេញទៅស៊ីឈ្នួលជាកម្មករសំណង់នៅខេត្តស្វាយរៀងក៏បានជួបស្នេហ៍នឹងរួមរស់ជាមួយបុរសម្នាក់នៅខេត្តបាត់ដំបងក៏នាំគ្នាទៅស៊ីឈ្នួលគេនៅប្រទេសថៃដោយបង្កើតបានកូនប្រុស១ជាចំណងដៃ
ប្តីក៏រត់ចោលបាត់ដំណឹងឈឹងតែម្តង។នៅពេលដែលអ្នកស្រីបានវិលត្រឡប់មកស្រុកកំណើតវិញស្រាប់តែជួបរឿងអកុសលមួយទៀតដោយប្អូនប្រុសបង្កើតរបស់អ្នកស្រីដែលត្រូវបានប្រពន្ធរត់ចោលផងដែរ ។ នៅថ្ងៃមួយរំលងជិត០១ខែកន្លងមកនេះ ដោយប្អូនប្រុសបានគិតខ្លីក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅលើផ្ទះរបស់អ្នកស្រីដោយពុំដឹងមូលហេតុ ធ្វើឱ្យអ្នកស្រីខ្លាចមិនហ៊ានរស់នៅលើផ្ទះនោះទៀតឡើយ ហើយក៏បានឱ្យគេរុះរើចេញ។តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺដោយមើលឃើញពីទុក្ខលំបាកដែលអ្នកស្រីត្រូវរ៉ាប់រងចិញ្ចឹមប្អូនជីដូនមួយដែលជាជនពិការឪពុកម្ដាយបានស្លាប់ចោលថែមទៀតនោះ។ អាជ្ញាធរភូមិនិងបងប្អូនប្រជាពលរដ្ឋអ្នកជិតខាងមានការអាណិតអាសូរយ៉ាងខ្លាំងដោយពួកគាត់បានគៀរគរនិងរៃអង្គាសគ្នាពីប្រជាពលរដ្ឋ ០៣ភូមិដោយប្រមូលបានថវិកាជាង 3 លានរៀលសម្រាប់សាងសង់ផ្ទះថ្មីជូនអ្នកស្រីដើម្បីរស់នៅសមរម្យ ហើយបងប្អូនប្រជាពលរដ្ឋបានសហការគ្នាជួយសាងសង់ផ្ទះស័ង្កសីទំហំ 4ម៉ែត្រ គុណនឹង 6 ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។ ទោះជាយ៉ាងណាបងប្អូនប្រជាពលរដ្ឋដែលនៅជិតខាងក្រៅពីរៃអង្គាសគ្នាសាងសង់ផ្ទះឱ្យស្ត្រីខាងលើរួចហើយគាត់ក៏បានអំពាវនាវសូមឱ្យសប្បុរសជននានាមេត្តាជួយស្ត្រីកំសត់នោះផង ព្រោះថាបានជម្រកហើយតែនៅឡើយខ្វះស្បៀងអាហារប្រចាំថ្ងៃរូបគាត់មិនអាចចេញទៅរកស៊ីឬដើរស៊ីឈ្នួលគេបានទៀតឡើយ ដោយសាររវល់មើលកូនតូចនិងប្អូនដែលមានជំងឺពិការនោះ៕