សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជាស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ហ្សាន ហ្សារ៉ាឌីល (Jan Zahradil) សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ លោក ហ្សាន ហ្សារ៉ាឌីល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួប លោក និងសហការី នាឱកាសនេះ។

លោកបានជម្រាបសម្តេចប្រធានរដ្ឋសភា ពីគោលបំណងនៃការមកបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីចូលរួមក្នុងសិក្ខាសាលាផ្លាស់ប្តូរទស្សនៈ និងកិច្ចសន្ទនាជាមួយសមាជិករដ្ឋសភាកម្ពុជា និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អំពី «កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប» ។

សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភា ក្នុងការចូលរួមក្នុងសិក្ខាសាលាដែលមានអត្ថន័យជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុប កាន់តែរឹងមាំគ្រប់ជ្រុងជ្រោយឡើង ដើម្បីជាផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃភាគីទំាងពីរ។ នៅក្នុងឱកាសជួបពិភាក្សាការងានេះ លោក ហ្សាន ហ្សារ៉ាឌីល និងសម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ ដែលមានភាពស្អិតរមួត ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយគ្នាផងដែរ។ សូមជម្រាបជូនដែរថា លោក ហ្សាន ហ្សារ៉ាឌីល មានដើមកំណើតនៅសាធារណរដ្ឋឆេក ហើយដែលព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានគង់ប្រថាប់នៅសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បើកទទួលស្វាគមន៍ជានិច្ច ដល់គណៈប្រតិភូសភាអឺរ៉ុបមកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងគោលបំណងដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងសហភាពអឺរ៉ុប បានផ្តើមឡើងនៅឆ្នាំ១៩៩៤ ហើយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅឆ្នាំ១៩៩៧។ អឺរ៉ុបជាដៃគូសំខាន់ផ្នែកមនុស្សធម៌ និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្នុងកំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់កម្ពុជាជាថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ចំនួន ០២លើក ដោយមានទំហំទឹកប្រាក់សរុប ៤៩៩លានអឺរ៉ូ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង លោក ហ្សាន ហ្សារ៉ាឌីល បានគូសបញ្ជាក់ថា នៅពេលនេះ ជាពេលវេលាដ៏សំខាន់ស្របពេលដែលកម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាស្នូល។ កម្ពុជាទើបរៀបចំការបោះឆ្នោតដោយជោគជ័យហើយសភាសហភាពអឺរ៉ុប ក៏នឹងរៀបចំការបោះឆ្នោតនៅខែមិថុនា ខាងមុខនេះដែរ។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាល អាណត្តិទី៧ បានចេញដំណើរដោយភាពស្វាហាប់ក្នុងការបម្រើពលរដ្ឋនិងប្រទេសជាតិ ដោយមានឆន្ទៈខ្ពស់និងគោលដៅច្បាស់លាស់ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ ការសម្រេចបាននូវគោលដៅនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ប្រទេសជាមិត្ត ដែលមានសហភាពអឺរ៉ុបមួយផងនោះទេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print