ស្អែកនេះ​..! នឹងមានការប្រកួតវាយសីពានរង្វាន់៧មករានៅខេត្តមណ្ឌលគីរី​ ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទិវាជ័យជម្នះ៧មករា

ចែករំលែក៖

​   ខេត្តមណ្ឌលគីរី​ ៖​ ការប្រកួតវាយសី៧ពានរង្វាន់៧មករា លើកទី២៣ ២០២៤ ដែលខេត្តមណ្ឌលគីរីទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីអបអរសាទរខួបអនុស្សារីយ៍ ទិវាជ័យជម្នះ៧មករា លើកទី៤៥ និងដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី១៣ ខែ មករា ស្អែកនេះ។

​     ថ្លែងក្នុងពិធីចាប់ឆ្នោតចែកពូលប្រកួត នារសៀលថ្ងៃទី១២ ខែ មករានេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍ថា ការប្រកួតនឹងដំណើររយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ មករា ឆ្នាំ២០២៤។

​      លោកថា ការប្រកួតកីឡាវាយសីពានរង្វាន់៧មករា គឺ ធ្វើការប្រកួតលើ៧វិញ្ញសា មានដូចជា៖ វិញ្ញសាប្រកួតវាយគូបុរសអាយុក្រោម១៨ឆ្នាំ .វាយគូបុរស១៩ឆ្នាំឡើង .វាយគូបុរសអាយុ៤០ទៅ៥០ឆ្នាំ .វាយគូបុរសអាយុ៥០ឆ្នាំឡើង. វាយគូពិសេសអាយុ៣៥ឆ្នាំឡើង និង៥០ឆ្នាំឡើង .វាយគូបុរសអាយុ១៨ឆ្នាំ .វាយគូនារីមិនគិតអាយុ និងវិញ្ញាសាប្រកួតវាយគូចម្រុះ។

      ការប្រកួតនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩ ដែលជាថ្ងៃរំដោះនិងសង្រ្គោះ ប្រទេសជាតិបានរួច ផុតពីរបបប្រល័យ ពូជសាសន៍ប៉ុល និងបានផ្តល់កំណើតទី២ ជូនពលរដ្ឋខ្មែរ និងជាដើមកំណើត នៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។ជាមួយគ្នានេះ ការប្រកួតពានរង្វាន់៧មករានេះ ក៏ជាផ្នែកមួយក្នុងការជំរុញផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឲ្យបានដឹងនិងយល់អំពីអត្ថន័យនៃថ្ងៃជ័យជំនះដែលខ្មែរគ្រប់រូបត្រូវតែចងចាំ។

​     អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា​ បានគូសបញ្ជាក់ទៀតថា  មូលហេតុដែលសហព័ន្ធតែងតែរៀបចំការប្រកួតប្តូរវេនពីខេត្តមួយទៅខេត្តមួយទៀតក្នុងមួយឆ្នាំៗនោះ ព្រោះសហព័ន្ធចង់បំផុសឲ្យវិស័យវាយសីនៅតាមបណ្តាខេត្តមានសកម្មភាពផុសផុលនិងក្លាយជាកីឡាប្រជាប្រិយភាពទាក់ទាញបានយុវជនចូលរួមលេងច្រើន៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print