លោកអភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងជំនួបនោះ លោកអភិសន្តិបណ្ឌិ​ត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា​ បានវាយតម្លៃខ្ពស់ដូចគ្នា​ ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន​ ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។  

លោកអភិសន្តិបណ្ឌិត​ បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះទំនាក់ទំនងការទូត​ដ៏យូរ​លង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។  

លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ​ លោក Patrick Murphy  ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិបេសកកម្មការទូត ដែលកន្លងមក ឯកឧត្តមតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។

ជាការឆ្លើយតប លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសម​។​ 

ដូចគ្នានឹងលោកអភិសន្តិបណ្ឌិតដែរ​ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ក៏បានអបអរសាទរចំពោះវឌ្ឍនភាព និង​លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថា​កិច្ចសហប្រតិបត្តិការ​លើកិច្ចការច្បាប់រវាងភាគីទាំងពីរនឹងបន្តផ្ដល់លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។ 

ដេីម្បីឈានទៅពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសេីរឡេីងថែមទៀត​ ឯកឧត្ដមអភិសន្តិបណ្ឌិត​ ឧបនាយករដ្ឋមន្ត្រី​ និងលោក ឯកអគ្គរដ្ឋទូតអាមេរិក​ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ ដោយពិនិត្យលទ្ធភាព​ទៅលើវិធានការនានាសំដៅសម្របសម្រួល និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print