ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានបញ្ជាក់អោយដឹងថា ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។
ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ។
មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង(ស៊ីទ្រីន)Citine និងពណ៌សថ្លា(គ្រីស្តាល់)Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។
លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរផង។
ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ ចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕
ដោយ ៖ សិលា