ភ្នំពេញ ៖ គោលដៅបៃតងគឺជាធាតុផ្សំដែលមាននៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការថ្លែងឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ១២ មករា ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ស្របនឹងការថ្លែងឡើងរបស់ លោករដ្ឋមន្រ្តី លោកបណ្ឌិត ឆាយ ស៊ីណាត ថ្នាក់ដឹកនាំសមាគម មានការចាប់អារម្មណ៍ជាខ្លាំងចំពោះគោលដៅបៃតងរបស់ក្រសួង ហើយលោកក៏មានបំណងចង់ចូលរួមចំណែកតាមរយៈការកៀរគរអ្នកវិនិយោគជាតិ អន្តរជាតិឱ្យចូលរួមក្នុងសកម្មភាពនេះ ពីព្រោះអ្នកវិនិយោគដែលជាសមាជិកសមាគមភាគច្រើនជាអ្នកវិនិយោគបៃតង ហើយចំពោះការច្នៃប្រឌិតគឺកើតចេញពីគំនិត និងស្នាដៃខ្មែរពិតៗ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលមានបំណងជួយបង្កើតមុខរបរបន្ថែមដល់ប្រជាពលរដ្ឋ ក្រៅពីពឹងពាក់លើព្រៃឈើនិងសត្វព្រៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យទទួលបានចំណូលខ្ពស់៕