ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ត្រីនគរបាល ០១រូបទៀត (ឈ្មោះ ថុន សុផាន់ណារិទ្ធ) ចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំង ។
ត្រូវបានអនុវត្តវិន័យចំពោះលោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ អត្តលេខ ៧៥២១៨ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។
ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែ មេសាឆ្នាំ២០២៤ តទៅ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន-ប្រធានអង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងសាមីខ្លួន ដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕