គម្រោងថ្មីមួយ ដើម្បីពង្រឹងសមត្ថភាពផ្នែកបច្ចេកទេស និង ការរៀបចំអង្គការសង្គមស៊ីវិលនិងបណ្តាញតាមមូលដ្ឋាន ត្រូវបានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ(USAID) ។
លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt បានមានប្រសាសន៏ថា៖ “យើងផ្តោតសំខាន់លើការគាំទ្រដល់អង្គការសង្គមស៊ីវិល ពីព្រោះប្រជាពលរដ្ឋដែលសកម្ម និងមានចំណេះដឹង គឺជា មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យរឹងមាំ ។ យើងសង្ឃឹមថា គម្រោងនេះនឹងជួយអង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការធ្វើការងារមានប្រសិទ្ធភាពជាងមុនក្នុងការធ្វើអោយមានការសន្ទនាក្នុងន័យស្ថាបនានិងគោរពគ្នាអំពីច្បាប់ និងគោលនយោបាយនានាដែលទាក់ទងនឹងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាទូទៅ” ។
គំរោង CCSS គឺជាផ្នែកសំខាន់មួយនៃការជួយរបស់ទីភ្នាក់ងារ USAID នៅកម្ពុជា។ ជំនួយនេះលើកទឹកចិត្តអង្គការសង្គមស៊ីវិលអោយលើកកំពស់គណនេយ្យភាពក្នុងការគ្រប់គ្រង។ ទន្ទឹមនឹងនោះគំរោងនេះផ្តោតលើតំលៃនៃដំណោះស្រាយដោយអ្នកក្នុងមូលដ្ឋានចំពោះបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាដោយធ្វើអោយអង្គការសង្គមស៊ីវិលដើរលើផ្លូវទៅរកនិរន្តភាព។
អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ USAID
USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦១ ដោយលោកប្រធានាធិបតេយ្យ John F. Kennedy និងជាទីភ្នាក់ងារឈានមុខគេរបស់រដ្ឋាភិបាលអាមេរិកសំរាប់ជំនួយបរទេស ។ ចាប់តាំង ពីឆ្នាំ១៩៩២ USAID បានផ្តល់ថវិកាប្រមាណជា ១ពាន់លានដុល្លា ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។
អំពីវិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI)
វិទ្យាសា្ថនគ្រប់គ្រងបូព៌ា-បស្ចឹម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៨ ជាអង្គការឯករាជ្យ មិនរក ប្រាក់កំរៃ ។ EWMI ធ្វើការដើម្បីពង្រឹងសង្គមប្រជាធិបតេយ្យដោយនាំមកនូវការធ្វើការរួមគ្នានៃរដ្ឋាភិបាលអង្គការសង្គមស៊ីវិល និងវិស័យឯកជន ៕