គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឲ្យដឹងថា ប្រទេសប្រេស៊ីលបានត្រៀមខ្លួនរួចរាល់ ហើយក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០១៦នេះ ។
លោកស្រី Nawal El Moutawakel ដែលដឹកនាំក្រុមត្រួតពិនិត្យការរៀបចំរបស់ IOC បានធ្វើដំណើរទស្សនកិច្ចជាលើកចុងក្រោយទៅកាន់ប្រទេសប្រេស៊ីល បន្ទាប់ពីបានទៅមើលជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។
មានបញ្ហាមួយចំនួនជាកត្តាព្រួយបារម្ភចំពោះព្រឹត្តការណ៍កីឡាអូឡាំពិកនៅប្រទេសប្រេស៊ីលដូចជាការសាងសង់កីឡដ្ឋានមិន ទាន់ពេលវេលានិងវីរុសហ្ស៊ីកាជាដើម។ ប៉ុន្តែលោកស្រី Nawal El Moutawakel បានថ្លែងថា ប្រទេសប្រេស៊ីលបានរៀបចំ រួចរាល់ហើយក្នុងនាមជាម្ចាស់ផ្ទះកីឡា អូឡាំពិកឆ្នាំនេះ ។
អង្គការសុខភាពពិភពលោកបានឲ្យ ដឹងថា “ពុំគួរមានការហាមឃាត់ចំពោះការធ្វើដំណើរទៅកាន់បណ្តាប្រទេសមួយចំនួន រួមទាំងតំបន់ដែលនឹងមានព្រឹត្តិការណ៍ អូឡាំពិកនោះទេ ដោយសារតែកីឡានឹងចាប់ផ្តើមនៅចន្លោះខែសីហានិងខែកញ្ញាដែលជារដូវរងាពុំសូវមានមូសនិងការឆ្លង វីរុសហ្ស៊ីកានោះទេ ។
គួរបញ្ជាក់ថា កីឡាអូឡាំពិកឆ្នាំ២០១៦នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២១ខែសីហាខាងមុខ ៕
ដោយ៖ ដេវីត