ភ្នំពេញ÷ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី។
ក្នុងជំនួបនោះលោកទេសរដ្ឋមន្ដ្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណចំពោះវត្តមានរបស់លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងសហការីនាថ្ងៃនេះ ដែលបានជួបពិភាក្សាការងារនិងពង្រឹងភាពជាដៃគូដែលមានស្រាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា នឹងអង្គការសហប្រជាជាតិលើផ្នែកសំខាន់ៗនៃការអភិវឌ្ឍនិងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុនវាពិតជាមានសារៈសំខាន់ដែលមិនអាចខ្វះបាន ជាពិសេសការពង្រឹងភាពជាដៃគូជាមួយ ភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនិងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុនរបស់យើងនៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការការពារ អាយុជីវិតប្រជាពលរដ្ឋឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ដ្រីបានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្ត បន្ទាប់ដែលផ្តល់ដោយអង្គការ សហប្រជាជាតិដល់វិស័យនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលងាយរងគ្រោះ។
លោកទេសរដ្ឋមន្ត្រីបានបន្តថាអង្គការសហប្រជាជាតិក៏ដូចជាដៃគូអភិវឌ្ឍន៍ដែលមានវត្តមាននៅកម្ពុជាបាន ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងនេះ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះការអភិវឌ្ឍនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ គ.ជ.គ.ម.បានធ្វើការយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេសបាននឹងកំពុងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។
លោក ចូ សូយ័រ (Jo Scheuer) បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។ ក្នុងអាណិត្តបំពេញភារកិច្ចនៅកម្ពុជា, លោកនឹងបន្តខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកទេសរដ្ឋមន្ដ្រីជំរុញបន្ថែមដល់ លោក ចូ សូយ័រ (Jo Scheuer) និងសហការីឱ្យទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ចទាំងអស់៕ ដោយសុរិយា