ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានរាយការណ៍នាព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា បានសហការឃាត់រថយន្តវេអង១គ្រឿងដឹកដំឡូងពេញ ហើយពេលឆែកឆេរឃើញសុទ្ធតែឈើសន្លឹកដែលមានមុខកាត់ធំៗ និងមានប្រវែង(វែង)បង្កប់ពីខាងក្រោម ។
កម្លាំងសមត្ថកិច្ចចុះផ្ទាល់បានឱ្យដឹងទៀតថា រថយន្តដឹកដំឡូងបង្កប់ឈើត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-1880 នៅលើកំណាត់ផ្លូវជាតិលេខ
៥៥ ត្រង់ចំណុចស្ពានដំណាក់ឈើក្រំ ទល់មុខ(ផ្នែករដ្ឋបាលព្រៃឈើក្រវាញ)ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមកំណត់ហេតុបានឱ្យដឹងទៀតថា ឈើបង្កប់ក្នុងដំឡូងមានចំនួន០៣សន្លឹក ជាប្រភេទឈើក្រៅលំដាប់ថ្នាក់(ឆ្ពុង)សន្លឹកទី១មានមុខកាត់ទំហំ២,០០ម៉ែត្រ កម្រាស់០,២៨ម៉ែត្រ ប្រវែង៨,៥០ម៉ែត្រ ស្មើនឹងចំនួន៤,៧៦០ម៉ែត្រត្រីគុណ, សន្លឹកទី២ មានមុខកាត់ទំហំ១,២០ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ប្រវែង៦,០០ម៉ែត្រ ស្មើនឹងចំនួន១,០៨០ម៉ែត្រត្រីគុណ និងសន្លឹកទី៣ មានមុខកាត់ទំហំ១,១០ម៉ែត្រ កម្រាស់០,២២ម៉ែត្រ ប្រវែង៨,០០ម៉ែត្រ ស្មើនឹងចំនួន១,៩៣៦ម៉ែត្រត្រីគុណ សរុបចំនួន៧,៧៧៦ម៉ែត្រត្រីគុណ ។
សេចក្ដីរាយការណ៍ពីក្រុមសមត្ថកិច្ចដដែលបញ្ជាក់ទៀតថា បច្ចុប្បន្នវត្ថុតាងរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ដឹកដំឡូងបង្កប់ឈើខាងលើ សមត្ថកិច្ចបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែករដ្ឋបាលព្រៃឈើក្រវាញដើម្បីបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន