សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤បានផ្សាយថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសរៃអង្គាសរកថវិកាចំនួន១.៥ពាន់លានដុល្លារដើម្បីយកមកប្រើប្រាស់ ក្នុងកិច្ចប្រឹងប្រែងជួយឆ្លើយតបចំពោះតម្រូវការផ្នែកសុខាភិបាលរបស់មនុស្សរាប់លាននាក់ដែលរងគ្រោះដោយសារវិបត្តិមនុស្សធម៌ជាច្រើន ដែលកំពុងកើតមានជុំវិញពិភពលោក គឺរាប់ចាប់តាំងពីអ៊ុយក្រែននិងហ្កាហ្សា រហូតដល់អាហ្វហ្កានីស្ថាន។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងថា «យើងនឹងដាក់គោលដៅនាំយក ជំនួយមនុស្សធម៌ដែលចាំបាច់ក្នុងការសង្រ្គោះជីវិតទៅដល់មនុស្សឱ្យបានប្រហែល៨៧លាននាក់នៅក្នុងឆ្នាំនេះ។ ដើម្បីសម្រេចបាន យើងត្រូវការថវិកាគាំទ្រសរុប១.៥ពាន់លានដុល្លារ ហើយយើងត្រូវការឱ្យថវិកានេះមកដល់ឆាប់ៗតាមតែអាចទៅរួច និងមានលក្ខណៈបត់បែនតាមធ្វើទៅបាន។ ពួកយើងត្រូវប្រើប្រាស់មធ្យោបាយដែលសកម្មខ្លាំងជាងមុនទើបអាចគ្រប់គ្រាន់»។
បើតាមលោក Tedros មនុស្សប្រហែល១៦៦លាននាក់នឹងត្រូវការជំនួយផ្នែកសុខាភិបាលនៅជុំវិញពិភពលោកក្នុងឆ្នាំនេះ ដែលរួមមានទាំងប្រជាជននៅដែនដីប៉ាឡេស្ទីន អ៊ុយក្រែន ហៃទី និងស៊ូដង់។ តម្រូវការសុខាភិបាលចាំបាច់បន្ទាន់ជាងគេនាពេលនេះគឺដែនដីប៉ាឡេស្ទីន ជាពិសេសតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ជាទីដែលអ៉ីស្រាអែលកំពុងបន្តធ្វើសង្រ្គាមយ៉ាងខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស់ ចាប់តាំងតែពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។
WHO ត្រូវការថវិកា២១៩លានដុល្លារ ដើម្បីបំពេញតម្រូវការចាំបាច់បន្ទាន់ខ្លាំងនៅ Gaza សម្រាប់រយៈពេលចន្លោះពី៣ខែដល់៦ខែ ដោយអាស្រ័យទៅលើការវិវឌ្ឍនៃស្ថានការណ៍។ ចំណែកឯភាពអាសន្នផ្នែកសុខាភិបាលជាសកល២ទៀតដែលត្រូវការថវិកាច្រើនខ្លាំងដែរនោះ គឺកូវីដ-១៩ និងស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ជាទីដែលមនុស្ស២៣.៧លាននាក់ ត្រូវការជាបន្ទាន់នូវទឹកស្អាតនិងអនាម័យ។ ជាមួយគ្នានេះ ការលេចឡើងជាថ្មីនៃជំងឺអាសន្នរោគនៅជុំវិញពិភពលោកដែលបង្កក្តីកង្វល់ជាពិសេស ក៏ត្រូវការថវិកាចំនួនជិត៥០លានដុល្លារផងដែរ ខណៈការឆ្លើយតបផ្នែកសុខាភិបាលរបស់ WHO សម្រាប់អ៊ុយក្រែន ត្រូវការ៧៧លានដុល្លារ៕ ដោយធីរីណា
រូបថត: Anadolu