ចិន បង្ហាញថ្មអគ្គិសនីនុយក្លេអ៊ែរ ដែលអាចប្រើបានរហូតដល់៥០ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន Independent នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនចិនមួយនាពេលថ្មីៗនេះ បានបង្ហាញថ្មអគ្គិសនីម៉្យាង ដែលខ្លួនអះអាងថា អាចផលិតថាមពលបានរហូតដល់ទៅ៥០ឆ្នាំ ដោយមិនចាំបាច់ត្រូវការសាក ឬក៏មើលថែទាំអ្វីនោះឡើយ។

ក្រុមហ៊ុន Betavolt ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា ថ្មបច្ចេកវិទ្យានុយក្លេអ៊ែរខាងលើ គឺជាថ្មអគ្គិសនីដំបូងបង្អស់នៅលើពិភពលោក ដែលសម្រេចបាន ការបង្រួមថាមពលនុយអាតូមិចឱ្យតូចល្អិតបំផុត តាមរយៈការដាក់បញ្ជូលធាតុអ៉ីសូតូប (isotope) ចំនួនរហូតដល់៦៣ ទៅក្នុងម៉ូឌុល (module) មួយ ដែលមានទំហំតូចជាង កាក់ទៅទៀត។ Betavolt បានឱ្យដឹងថា ថ្មអគ្គិសនីជំនាន់ថ្មីរបស់ខ្លួននេះ បានចាប់ផ្តើមឈានចូលដំណាក់កាលធ្វើតេស្តសាកល្បង រួចជាស្រេច ហើយនៅទីបំផុត វានឹងត្រូវផលិតឡើងក្នុងទ្រង់ទ្រាយធំតែម្តង ដើម្បីអនុវត្តលើវិស័យពាណិជ្ជកម្ម ដូចជាសម្រាប់ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ដ្រូនជាដើម។
ក្រុមហ៊ុន Betavolt បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានយ៉ាងដូច្នេះថា «ថ្មថាមពលអាតូមិចរបស់ Betavolt អាចបំពេញតាមតម្រូវការ នៃការផ្គត់ផ្គង់ថាមពល រយៈពេលយូរអង្វែង ក្នុងសេណារីយ៉ូផ្សេងៗជាច្រើន រួមមានចាប់តាំងពីអវកាស បញ្ញាសិប្បនិម្មិត (AI) វេជ្ជសាស្រ្ត បន្ទះឈីប ឧបករណ៍សែនសឺ (sensor) ទំនើប ដ្រូនខ្នាតតូច និងមីក្រូរ៉ូបូត។ នវានុវត្តន៍ផ្នែកថាមពលថ្មីនេះ នឹងជួយឱ្យប្រទេសចិនទទួលបានឧត្តមភាពនាំមុខ នៅក្នុងបដិវត្តន៍បច្ចេកវិទ្យា AI»។ បើតាម Betavolt ថ្មនុយក្លេអ៊ែរដំបូងរបស់ខ្លួន អាចផ្គត់ផ្គង់ថាមពលបាន ក្នុងកម្រិត១០០មីក្រូវ៉ាត់ (microwatt) ជាមួយកម្លាំងវ៉ុលត៍ 3V និងមានទំហំ ១៥x១៥x១៥ មីលីម៉ែត្រគូប ប៉ុន្តែក្រុមហ៊ុនមានផែនការផលិត ថ្មដែលអាចផ្គត់ផ្គង់ថាមពលបានដល់១វ៉ាត់ នៅត្រឹមឆ្នាំ២០២៥។
ជាចុងក្រោយ ក្រុមហ៊ុន Betavolt បានអះអាងទៀតថា ដោយសារតែទំហំតូចខ្លាំងបែបនេះ ថ្មរបស់ខ្លួនអាចប្រើប្រាស់ច្រើនបញ្ចូលគ្នា ដើម្បីផលិតថាមពលបន្ថែម ពោលគឺអាចគាំទ្រឱ្យទូរស័ព្ទយើងទាំងអស់គ្នា លែងចាំបាច់ត្រូវសាកថ្មតទៅទៀត ហើយឧបករណ៍ដ្រូនតូចៗ អាចហោះហើរបានជារៀងរហូត នៅលើផ្ទៃអាកាស។ មិនតែប៉ុណ្ណោះ លក្ខណៈការរចនាបែបស្រទាប់ការពាររបស់ថ្មនោះ ក៏មានន័យថា វានឹងមិនរងការឆាបឆេះឬផ្ទុះ ដោយសារទទួលរងកម្លាំងខ្លាំង ហើយថែមទាំងអាចធ្វើការ ក្រោមសីតុណ្ហភាពចាប់ពី-៦០អង្សាសេ រហូតដល់១២០អង្សាសេ ផងដែរ៕

...

រូប​ថត​: cafebiz.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print