លោកអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី កាត់កញ្ចប់វិញ្ញាសាប្រឡងប្រជែង ជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១៥

ចែករំលែក៖

ឮភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី កាត់កញ្ចប់វិញ្ញាសាប្រឡងប្រជែង ជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១៥ ។ ការកាត់កញ្ចប់វិញ្ញាសាប្រឡងប្រជែងនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអមដំណើរដោយថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ សមាសភាពគណៈកម្មការប្រឡងប្រជែងជ្រើសរើស និងសមាសភាពអនុគណៈកម្មការបច្ចេកទេស នានាច្រេីននាក់ នាបណ្ឌិត្យសភានគបាលកម្ពុជា ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមការអោយដឹងពីមន្ត្រីជាន់ខ្ពង់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអោយដឹងថា ៖ ការប្រឡងប្រជែងឆ្នាំនេះ មានបេក្ខជនសរុបចំនួន៩៧៦នាក់ ដែលក្នុងនោះមាននារី៣២២នាក់។ ការប្រឡងមានរយៈពេល២ម៉ោងលើវិញ្ញាសាសរសេរទាក់ទងនឹង «ចំណេះដឹងទូទៅនិងចំណេះដឹងទាក់ទងនឹង កិច្ចការនគរបាល»។
ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់បេក្ខជនប្រឡងឱ្យខិតខំយកចិត្ត ទុកដាក់ឆ្លើយសំណួរឱ្យបានត្រឹមត្រូវដោយប្រើសមត្ថភាពផ្ទាល់ខ្លួន ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ពីព្រោះគណៈកម្មការប្រឡងប្រជែងរបស់ក្រសួងមហាផ្ទៃបានប្រកាន់ខ្ជាប់នូវ«គោលការណ៍ចេះគឺជាប់»។ បន្ទាប់មក លោកអភិសន្តិបណ្ឌិត ក៏បានចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណនៃបណ្ឌិត្យ សភានគរបាលកម្ពុជា ដែលកំពុងមានវឌ្ឍនភាពយ៉ាងខ្លាំងស្របតាមស្តង់ដាគុណភាព ដែលអាចបំពេញបានតាម តម្រូវការនៃការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារទូទាំងប្រទេស។

គួររំលឹកថា ក្រសួងមហាផ្ទៃបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលក្នុងការជ្រើសរើសនេះ តាមអនុក្រឹត្យ លេខ ១៧១អនក្រ.បក ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ស្តីពីការជ្រើសរើសនិស្សិត្យអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជាចំនួន២០០នាក់ ជារៀងរាល់ឆ្នាំ។ ការជ្រើសរើសឆ្នាំនេះ ក្រសួងមហាផ្ទៃក៏បានទទួលគោលការណ៍ការអនុញ្ញាតជាថ្មីបន្ថែមទៀតពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តការជ្រើសរើសនិស្សិត២០០នាក់ ជារៀងរាល់ឆ្នាំ ដូចធ្លាប់បានអនុវត្តក្នុងឆ្នាំកន្លងមក។ គណៈកម្មការប្រឡងប្រជែងជ្រើសរើសរបស់ក្រសួងមហាផ្ទៃបានរៀបចំការប្រឡងប្រជែងនេះ ស្របតាម បច្ចេកទេសនិងនីតិវិធីដែលបានកំណត់ ដើម្បីជ្រើសរើសនិស្សិតនគរបាលដែលមានលក្ខណសម្បត្តិសមស្របតាម លក្ខខណ្ឌតម្រូវ មកធ្វើការបណ្តុះបណ្តាលរយៈពេល៤ឆ្នាំឱ្យក្លាយជានាយនគរបាលបន្តវេនប្រកបដោយគុណភាព សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចបម្រើជាតិនិងប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងពេលអនាគត៕

...

ប្រភព ៖ ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print