ខេត្តកំពត៖ ទីបំផុត នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ ពាក់ពន្ធ័ករណីគំរាមធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ពេលលោក និងកម្លាំងជំនាញ បានយកឪពុកនិងកូនបានហើយ ក្មេងមានសុខភាពល្អធម្មតា។
សូមជម្រាបជូនថា កាលពីព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះថា៖ សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ពាក់ពន្ធ័ករណីគំរាមថានៅធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ។ លោក បន្តថា ករណីនេះក្រោយទទួលបានព័ត៍មានកាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ និងលោកផ្ទាល់បានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែកម្លាំងជំនាញកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ព្រឹកនេះកម្លាំងជំនាញ និងលោកផ្ទាល់ បានបន្តប្រើប្រាស់វិធានការជំនាញនិងកម្លាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ។
លុះនៅរសៀលថ្ងៃដដែលនេះ បន្ទាប់ពីបុរសជាឪពុក(ជនបង្ក)បានបង្ហោះវីដេអូម្តងទៀត ប្រាប់សមត្ថកិច្ចថា រូបគេមានជម្លោះក្នុងគ្រួសារ ហេីយការធ្វើបែបនេះគឺចង់ឱ្យម្តាយ និងសាច់ញាតិរបស់ក្មេងប្រុសរងគ្រោះមកទទួលយក។ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានតបតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកវិញថា មិនអីទេប្អូន សូមប្អូនមកជួបសមត្ថកិច្ចដើម្បីបញ្ចប់រឿង ហើយកុំអោយមហាជនភាន់ច្រលំជាបន្តទៀត សូមប្អូនមកអធិការស្រុកអង្គរជ័យអីឡូវនេះ៕ដោយ៖តារា