ខេត្តកណ្តាល៖ មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ២១A ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីឆែកឆេរកឃើញមានវត្ថុតាងថ្នាំញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១១និង១៩នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ អូន ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ រុន ជាតិ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី៣-ឈ្មោះ ពេជ្រ ឃឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ ជនសង្ស័យទាំង៣នាក់នេះរស់នៅក្នុងភូមិសាស្ត្រ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកស្អាងបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១A ខណៈល្បាតដល់ចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នា ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យ រកឃើញមានវត្ថុតាងពាក់ព័ន្ធរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក១កញ្ចប់ធំ ១កញ្ចប់តូច, ថ្នាំញៀនគ្រាប់ ពណ៌ផ្កាឈូក (YW) ១គ្រាប់ និងម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុង ធុនសេ៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។
ក្រោយពីមានវត្ថុតាងជាក់ស្តែងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ