ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” មានដូចជា៖
– ជយលាភីលេខ១ បេក្ខជន ចេង រតនា
– ជយលាភីលេខ២ បេក្ខជន វ៉ន វីដា
– ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់
សូមបញ្ជាក់ថា ៖ ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។
សូមគូសរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដោយបានផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” ។
សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ផុលផុសបន្ថែមទៀត ៕