សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានផ្សាយថានាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានច្រានចោលលក្ខខណ្ឌដែលលើកឡើងដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម និងដោះលែងចំណាប់ខ្មាំង ដោយលក្ខខណ្ឌនេះរួមបញ្ចូលទាំងការដកខ្លួនរបស់អ៉ីស្រាអែលទាំងស្រុង ដើម្បីឲ្យក្រុមហាម៉ាកាន់អំណាចពេញលេញនៅក្នុងតំបន់ហ្គាហ្សា។
លោក Netanyahu បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរបស់យើង ក្រុមហាម៉ាស់ទាមទារឲ្យមានការបញ្ចប់សង្រ្គាម ដកកងកម្លាំងរបស់យើងចេញពីតំបន់ហ្គាហ្សា និងដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ហើយទុកឲ្យក្រុមហាម៉ាសនៅដដែល។ ប៉ុន្តែខ្ញុំច្រានចោលនូវលក្ខខណ្ឌទាំងស្រុងរបស់ក្រុមហាម៉ាស»។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់ លោក Sami Abu Zuhri បានប្រាប់ Reuters ថា ការច្រានចោលសំណើឲ្យបញ្ឈប់ការវាយប្រហារ លើតំបន់ហ្គាហ្សាពីសំណាក់មេដឹកនាំអ៉ីស្រាអែល មានន័យថា នឹងគ្មានឱកាសនៃការវិលត្រឡប់របស់ចំណាប់ខ្មាំងអ៉ីស្រាអែលនោះទេ។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំឲ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាង ១០០នាក់ក្នុងចំណោម ២៤០នាក់ ជាថ្នូរនឹងអ្នកទោសជនជាតិប៉ាឡេស្ទីនចំនួន ២៤០នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៉ីស្រាអែល។
ចាប់តាំងពីពេលនោះមក លោក Netanyahu ត្រូវប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ជុំវិញការធានាឲ្យបាននូវការដោះលែងចំណាប់ខ្មាំងទាំង ១៣៦នាក់ទៀតដែលនៅក្នុងដៃក្រុមហាម៉ាស។ សាច់ញាតិរបស់ចំណាប់ខ្មាំងបាននាំគ្នាធ្វើការតវ៉ា នៅខាងក្រៅលំនៅដ្ឋានរបស់លោក Netanyahu ទាមទារឲ្យមានសកម្មភាពដើម្បីនាំពួកគេត្រឡប់មកវិញ៕
រូបថត: 1thegioi.vn