មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពត ស្នើដល់អ្នកបើកបរត្រូវខ្លាចច្បាប់ គោរពច្បាប់ កុំខ្លាចប៉ូលីសចរាចរណ៍នៅតាមដងផ្លូវ ដើម្បីសុវត្ថិភាពទាំងអស់គ្នា

ចែករំលែក៖

ខេត្តកំពត ៖ លោកវរៈសេនីយ៍ទោ ស៊ូ វណ្ណាត បានបញ្ជាក់ថា ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ អនុញ្ញាតឱ្យលោកដឹកនាំកម្លាំងចុះរឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យ ៣៩ថ្មី នៅលើដងផ្លូវជាតិនានាក្នុងខេត្តកំពត ព្រមទាំងមានការចូលរួមអប់រំផ្សព្វផ្សាយពីគ្រប់ភាគីផងនោះ សង្កេតឃើញថា អ្នកបញ្ជាយានយន្ត និងអ្នករួមដំណើរមានការយល់ដឹងច្រើន និងចូលរួមគោរពច្បាប់បានល្អជាងមុន ដែលកត្តាទាំងនេះបានធ្វើឱ្យអត្រានៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តត្រូវកាត់បន្ថយបានច្រើន។

នាយរងការិយាល័យចរាចរណ៍ផ្លូវគោក លោកវរៈសេនីយ៍ទោ ស៊ូ វណ្ណាត បានឱ្យដឹងថា ៖ បន្ទាប់ពីកម្លាំងបានធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ត្រូវបានកាត់បន្ថយច្រើន ហើយអ្នកបញ្ជាយានយន្តភាគច្រើនមានការយល់ដឹង និងចូលរួមគោរពច្បាប់បានល្អជាងមុន។ ដូច្នេះសូមបន្តខ្លាចច្បាប់ គោរពច្បាប់ ដើម្បីសុវត្ថិភាពខ្លួន កុំខ្លាចប៉ូលីសចរាចរណ៍ដែលអនុវត្តច្បាប់នៅតាមដងផ្លូវ។

សូមបញ្ជាក់ថា ៖ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកំពតកើតមានឡើងចំនួន ៦១ករណី ដោយមានការថយចុះ ៣៤ករណី ធៀបនឹងឆ្នាំ២០២២ ក្នុងនោះបង្កឱ្យមានអ្នកស្លាប់ចំនួន ៣២នាក់(ស្រី១០នាក់) រងរបួសធ្ងន់ ៣៥នាក់(ស្រី ១១នាក់), រងរបួសស្រាល ៣០នាក់(ស្រី១០នាក់) ខូចខាតយានយន្តធ្ងន់ស្រាល ១០៤គ្រឿង។ ថ្មីៗនេះ ដើម្បីកាន់បន្ថយអត្រាគ្រោះថ្នាក់ចារាចរណ៍ លោកឧត្តមសេនីយ៍ទោស្នងការបានអំពាវនាវដល់អាណាព្យាបាលសូមកុំឱ្យកូន មិនទាន់គ្រប់អាយុបើកបរម៉ូតូដោយខ្លួនឯង និងបានណែនាំកម្លាំងសមត្ថកិច្ចឃាត់ម៉ូតូដែលបើកដោយក្មេងមិនគ្រប់អាយុ ដើម្បីធ្វើការណែនាំអប់រំអំពីច្បាប់ចរាចរណ៍។

លោកនាយរងការិយាល័យចារាចរណ៍ បានបញ្ជាក់ថា យានយន្តដែលធ្វើចរាចរណ៍នៅតាមដងផ្លូវសាធារណៈភាគច្រើនគោរពតាមច្បាប់បច្ចេកទេសត្រឹមត្រូវ ហើយការបើកបរក៏គោរពតាមច្បាប់ចរាចរណ៍ផ្លូវគោកបានល្អប្រសើផងដែរ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច ហាក់ដូចជានៅខ្លាចប៉ូលីចរាចរណ៍ជាងគោរពច្បាប់ ពេលឃើញប៉ូលីសចុះអនុវត្តរិតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវម្តងៗ ពូកគាត់គោរពច្បាប់ដោយសារតែខ្លាចប៉ូលីសផាកពិន័យ ពេលអត់មានកម្លាំងប៉ូលីស គឺពួកគាត់មិនគោរពច្បាប់ចរាចរណ៍នោះទេ។ ដូច្នេះ អ្នកបើកបរលើដងផ្លូវទាំងអស់ ត្រូវខ្លាចច្បាប់ ចូលរួមគោរពច្បាប់ ហើយកុំខ្លាចប៉ូលីសចរាចរណ៍ដែលធ្វើការងារនៅលើដងផ្លូវ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print