ខេត្តក្រចេះ ៖ យើងគួរជួយផ្សព្វផ្សាយ អ្វីដែលកម្ពុជាមាន ទាំងតំបន់ទេសចរណ៍ ធម្មជាតិ តំបន់ទេសចរណ័បូរាណ តំបន់ទេសចរណ៌ផលិតដោយអ្នកវិនិយោគ ។ល។ ដោយឡែករដ្ឋបាលខេត្តក្រចេះ បានរម្លឹកផ្សព្វផ្សាយពី វត្តព្រះវិហារធំសសរ១០០ ជារមណីយដ្ឋានតាមបែបវប្បធម៌-ប្រវត្តិសាស្រ្ត ដោយបញ្ជាក់ថា ៖ វត្តព្រះវិហារធំសសរ១០០ មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦គ.ម ពីទីរួមខេត្តក្រចេះ ធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ ។
រដ្ឋបាលខេត្តបន្តថា ៖ វត្តព្រះវិហារធំសសរ១០០ ត្រូវបានរក្សានៅកិត្តិនាមជា អារាមមេត្រីបរិស្ថាន និងជាការទាក់ទាញភ្ញៀវទេសចរចូលគោរពបូជាសុំសេចក្តីសុខ និងសិក្សាពីប្រវត្តិវត្តដ៏ចំណាស់នេះ មិនដែលលស់ថ្ងៃឡើយ ពិសេសភ្ញៀវបរទេសក៏ចាប់អារម្មណ៍ផងដែរ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភុបុរៈ” ។
វត្តនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៥២៩ នៅសម័យព្រះបាទអង្គចន្ទរាជាទី២ ដើម្បីឧទ្ទិសដល់បារមី ដែលថែរក្សាព្រលឹងព្រះនាងវរភក្ត្រ (ព្រះនាងក្រពុំឈូក) ជាបុត្រីរបស់ព្រះអង្គដែលត្រូវក្រពើនេនធន់លេបត្របាក់ដោយភ្លេីងកំហឹង ។ ក្នុងសម័យប៉ុលពត វត្តព្រះវិហារធំសសរ១០០ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ហើយត្រូវបានសាងសង់ឡើងវិញនៅទីតាំងដដែល ដែលមានសសរសរុបចំនួន១១៦ដើម កសាងឡើងវិញនៅឆ្នាំ១៩៨៦ ដោយស្នាព្រះហស្ថ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៩៨ ៕