“ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី” បានបើកសម្ពោធជាផ្លូវការនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន​ នៅកម្ពុជា សហការជាមួយកាសែត គ័ងស៊ី ដេលី (Guangxi Daily) រួមជាមួយនាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តក្វាងស៊ី សារមន្ទីរទីក្រុងលីវចូវ សមាគមសម្ព័ន្ធខ្មែរចិន សារព័ត៌មានពាណិជ្ជកម្ម និងសារព័ត៌មានស៊ីស៊ីថាមស៍ បានរៀបចំកម្មវិធីពិធីពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន ក្នុងគោលបំណងដើម្បីបង្កើតទំនាក់ទំនង និងការផ្លាស់ប្តូរ រវាងប្រជាជនកម្ពុជា និងប្រជាជនចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិននេះ ធ្វើឡើងក្រោមប្រធានបទ «សម្រស់នៃបេតិកភណ្ឌអរូបី»។ កម្មវិធីនេះដែរ បានរៀបចំឡើងនៅសមាគមសម្ព័ន្ធខ្មែរ-ចិន ស្ថិតនៅតំបន់ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ ក្រោមវត្តមានរបស់ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងលោក ចាង ផឹង (Zhang Peng) ប្រធានការិយាល័យព័ត៌មាន នៃស្ថានទូតចិនប្រចាំកម្ពុជា និងមានការអញ្ញើញចូលរួមពីភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូបផ្សេងទៀត។

ក្នុងពិធីបើកសម្ពោធពិព័រណ៍ខាងលើនេះ លោក ជួន ចាន់ភារុណ បានមានប្រសាសន៍ថា ការតាំងពិព័រណ៍វប្បធម៌ និងវប្បធម៌ច្នៃប្រឌិតនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលកសាងស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងដើរតួនាទីយ៉ាងសកម្ម ក្នុងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាមងពីរ ក៏ដូចជាចំណងមិត្តភាពដ៏យូអង្វែងដែរ។
លោកបានលើកឡើងបន្តថា តាមរយៈពិព័រណ៍នេះដែរ កម្ពុជា នឹងអាចរៀនសូត្របន្ថែមពីបទពិសោធន៍របស់ប្រទេសចិន ក្នុងការការពារ និងទទួលស្នងមរតកវប្បធម៌អរូបី។ ក្នុងឱកាសនោះ លោកក៏បានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះភាគីចិន ដែលកន្លងទៅបានផ្តល់ជំនួយ និងការជួយគាំទ្រដ៏មានតម្លៃដល់កម្ពុជា ក្នុងការការពារវប្បធម៌អរូបីរបស់មនុស្សជាតិ។

លោក លាវ ស៊ីកាង (Liu Ri Gang) សមាជិកគណៈកម្មាធិការនៃកាសែត គ័ងស៊ី ដេលី (Guangxi Daily) បានឲ្យដឹងថា កម្ពុជា និងចិន មានការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏ រវាងគ្នានិងគ្នាជាយូរអង្វែងណាស់មកហើយ ហើយបេតិភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ក៏ជាសក្ខីភាពបង្ហាញពីភាពវៃឆ្លាត និងគំនិតច្នៃប្រឌិតរបស់ប្រទេសទាំងពីរផងដែរ ដែលគិតចាប់តាំងពីល្ខោន អូប៉េរ៉ាប៉េកាំង អក្សរផ្ចង់ ការដេរប៉ាក់ និងតម្បាញជនជាតិជាំងរបស់ប្រទេសចិន រហូតដល់ល្ខោនខោល ចម្លាក់នៅតាមប្រាសាទ និងតម្បាញសូត្ររបស់ប្រទេសកម្ពុជា ដែលជារបស់បេតិកភណ្ឌអរូបីប្រជាជនទាំងពីរ។ លោកបន្ថែមថា នេះមិនត្រឹមតែជាមោទនភាពនោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យនៃអរិយធម៌របស់មនុស្សជាតិផងដែរ។

...

នៅឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលប្រទេសប្រទេសទាំងពីរ កម្ពុជា-ចិន បានកំណត់ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ចំពោះការពិធីបើកជាផ្លូវការ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា នៅព្រះលានជល់ដំរី នៃទឹកដីអង្គរ ខេត្តសៀមរាប។ គិតមកដល់ពេលនេះ រយៈពេល៦៦ឆ្នាំហើយ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print