ខេត្តបាត់ដំបង៖ ក្មេងស្រីដ៏កំសត់ម្នាក់អាយុប្រហែល៣ឆ្នាំ ត្រូវបានឪពុកម្តាយយកទៅបំបរបង់ចោលក្នុងព្រៃលើកំពូលភ្នំសំពៅគួរឲ្យអាណិតហើយអាចនឹងក្លាយទៅជាចំណីសត្វស្វា ប្រសិនបើពុំមានការប្រទះឃើញអន្តរាគមន៍ជួយសង្គ្រោះពីប្រជាពលរដ្ឋនិងសមត្ថកិច្ចទេនោះ។
លោកមី ឆេងលី ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋ អ្នកទេសចរព្រមទាំងសមត្ថកិច្ចបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើភ្នំសំពៅ ក្នុងភូមិភ្នំសំពៅលិច ឃុំសំពៅ ស្រុកបានន់ ខេត្តបាត់ដំបង។
លោកមេប៉ុស្តិ៍បន្តថា បើតាមការអះអាងពីប្រជាពលរដ្ឋនៅទីនោះមុនកើតហេតុប្រហែលជាម៉ោង៧ព្រឹកថ្ងៃខែឆ្នាំដដែលនោះ គេឃើញមនុស្សប្រុសចំនួន២នាក់ជិះម៉ូតូសងកូរ៉េ និងដាក់ក្មេងស្រីតូចនេះនៅចំកណ្តាលបើកម៉ូតូទៅកាន់កំពូលភ្នំ។ ក្រោយមកទើបអ្នកស្រុកប្រទះឃើញក្មេងស្រីអាយុប្រហែល៣ឆ្នាំ នៅក្នុងកន្សែងដែលត្រូវចងជាអង្រឹង ជាមួយនឹងសម្លៀកបំពាក់របោះរបរនៅខាងក្រោម។ ឃើញស្ថានភាពបែបនេះប្រជាពលរដ្ឋនិងសមត្ថកិច្ចក៏ទៅពិនិត្យដោយផ្ទាល់ឃើញក្មេងស្រីតូចមួយនេះកំពុងយំមិនអាចចុះពីអង្រឹង ព្រោះដៃជើងមានលក្ខណៈមិនគ្រប់គ្រាន់(ពិការ)។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរូបនេះមិនដឹងជាឪពុកម្តាយរស់នៅទីណាទេ និងមានការអាណិតអាសូរ សមត្ថកិច្ចបានយកទៅថែរក្សានៅសាលាឃុំ ដើម្បីរកអង្គការឲ្យជួយយកទៅបីបាច់ថែរក្សា។
អ្នកស្រុកនិយាយថា មិនគួរណាឪពុកម្តាយប្រៀបដូចជាសត្វតិរច្ឆានបំបរបង់កូនចោលក្នុងព្រៃលើកំពូលភ្នំគ្មានចិត្តអាណិតអាសូរសូម្បីតែបន្ដិច ក្នុងនាមជាឈាមជ័ររបស់ខ្លួននោះ។ ម្យ៉ាងទៀតបើពុំមានអ្នកជួយអន្តរាគមន៍ទាន់ពេលវេលាទេនោះ ក្មេងដ៏អភ័ព្វនេះត្រូវសត្វចាប់ហែកស៊ីដោយសារនៅតំបន់នោះសម្បូរសត្វស្វាធំៗផង៕
ដោយ៖ សុខ ខេមរា